សោកនាដកម្ម អគ្គិភ័យឆេះឃ្លាំងម៉ូតូ បណ្តាលឱ្យម្តាយ និងកូន២នាក់ បាត់បង់ជីវិត
ខេត្តព្រះសីហនុ៖ ហេតុការណ៍អគ្គិភ័យដ៏គួរឱ្យរន្ធត់មួយបានឆាបឆេះឃ្លាំងស្តុកម៉ូតូមួយកន្លែង កាលពី យប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅចំណុចទល់មុខរោងចក្រស្រាបៀរអង្គរ ក្នុងភូមិឃ្លាំងលើ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
យោងតាមសេចក្តីរាយការណ៍បឋម គ្រោះអគ្គិភ័យនេះបានបង្កឱ្យមានសោកនាដកម្មដ៏សោកសង្រេង ដោយបានឆក់យកជីវិតជនរងគ្រោះចំនួន ៣នាក់ ដែលជាសមាជិកគ្រួសារតែមួយ រួមមានស្ត្រីជាម្តាយ និងកូនប្រុសស្រីចំនួន ២នាក់។
កម្លាំងសមត្ថកិច្ចជំនាញ និងរថយន្តពន្លត់អគ្គិភ័យបានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់ និងទប់ស្កាត់កុំឱ្យអណ្តាតភ្លើងរាលដាលដល់លំនៅឋានអ្នកជិតខាង។
សមត្ថកិច្ចជំនាញកំពុងចុះពិនិត្យទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតស្វែងរកមូលហេតុពិតប្រាកដដែលបង្កឱ្យមានអគ្គិភ័យនេះកើតឡើង ក៏ដូចជាវាយតម្លៃពីទំហំនៃការខូចខាតសរុបផងដែរ៕






