ទំនើងបង្ហោះម៉ូតូ មិនមែនជាភាពក្លាហានទេ តែជាការប្រថុយជីវិត និងប្រឈមមុខនឹងច្បាប់!
សូមអំពាវនាវដល់យុវជនទាំងអស់ បញ្ឈប់សកម្មភាពបង្ហោះម៉ូតូ ដែលបង្កការភ័យខ្លាចដល់អ្នកដទៃ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។
កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថក្រុងរុនតាឯកតេជោសែន បានចុះអន្តរាគមន៍ និងឃាត់ខ្លួនក្មេងទំនើងចំនួន ០៦នាក់ ក្នុងនោះបក្សពួកចំនួន០៤នាក់ ជាអ្នកតាមថតរូប ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការជិះម៉ូតូបង្ហោះ ប្រដេញគ្នារំខានដល់អ្នកដទៃធ្វើតាមដងផ្លូវ នៅចំណុចភូមិត្មាតពង សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។
ក្រោយការសាកសួរ ក្មេងទាំង០៦នាក់បានទទួលស្គាល់កំហុសរបស់ខ្លួន និងត្រូវបានធ្វើការអប់រំ ណែនាំ ដាក់វិន័យ ធ្វើកិច្ចសន្យា ព្រមទាំងប្រគល់ជូនអាណាព្យាបាលធានាយកទៅផ្ទះវិញ។ ចំណែកម៉ូតូត្រូវបានដកហូតរក្សាទុករយៈពេល ០៣ខែ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងរុនតាឯកតេជោសែន។
ជាចុងក្រោយ កងរាជអាវុធហត្ថខេត្តសៀមរាប សូមអំពាវនាវដល់យុវជនទាំងអស់ ចូលរួមគោរពច្បាប់ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងរួមគ្នាកសាងសង្គមមួយដែលមានសុវត្ថិភាព និងសេចក្តីថ្លៃថ្លូរ។






