បង្ក្រាបករណីជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់ ឃាត់ខ្លួនជនជាតិចិន ៣នាក់
(ភ្នំពេញ)៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សេង ម៉េងស្រ៊ុន ព្រះរាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធខុសច្បាប់។
អនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងជំនាញបង្ក្រាបបានករណីជួញដូរខាងលើនេះ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១៩ និង៣០នាទី នៅចំណុចក្បែរភ្លើងស្តុបមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ដែលសុទ្ធសឹងជាជនជាតិចិន រួមមាន៖ ទី១. ឈ្មោះ លី វ័ងឈី (LI WANG QIN) ភេទប្រុស អាយុ៣៧ឆ្នាំ សញ្ជាតិចិន, ទី២. ឈ្មោះ វៃ ប៉ (WEI BO) ភេទប្រុស អាយុ២២ឆ្នាំ សញ្ជាតិចិន និងទី៣. ឈ្មោះ ហ័ង ជែជូ (HUANG CHIA CHU) ភេទប្រុស អាយុ៤៩ឆ្នាំ សញ្ជាតិចិន-តៃវ៉ាន់។
ជាមួយគ្នានេះ កម្លាំងជំនាញបានចាប់យកវត្ថុតាងជាច្រើន រួមមាន៖ គ្រឿងញៀនប្រភេទហេរ៉ូអ៊ិន ទម្ងន់ ២,១២ក្រាម, គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (WY/ICE) ទម្ងន់ ១១,៩៩ក្រាម, សារធាតុគីមីផ្សំ ទម្ងន់ ៣៦,១៥ក្រាម និងសារធាតុរាវក្នុងក្បាលសម្រាប់ជក់បារីអេឡិចត្រូនិច ចំនួន ០២គ្រាប់។ វត្ថុតាងគ្រឿងញៀនសរុបទម្ងន់ ១៤,១១ក្រាម និងសារធាតុគីមីផ្សំទម្ងន់ ៣៦,១៥ក្រាម។
ក្រៅពីនេះ សមត្ថកិច្ចក៏បានរឹបអូសអាវុធវែង ០១ដើម ជាមួយគ្រាប់ចំនួន ៣៦គ្រាប់, អាវុធខ្លី ចំនួន ០៣ដើម ជាមួយគ្រាប់ចំនួន ១២គ្រាប់, ខ្នោះដៃ ០១គូ និងជញ្ជីងថ្លឹង ០១។
ជនសង្ស័យ និងវត្ថុតាងទាំងអស់ត្រូវបានបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
កម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានបញ្ជាក់ពីការប្តេជ្ញាចិត្តខិតខំបំពេញការងារទាំងយប់ទាំងថ្ងៃ បង្ក្រាប ទប់ស្គាត់ការ ជួញដូរ ការដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់កម្ពុជា ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុខភាពប្រជាពលរដ្ឋពីគ្រោះថ្នាក់នៃគ្រឿងញៀន៕






