កម្ពុជា បន្តអំពាវនាវយ៉ាងទទូចឲ្យភាគីថៃ ប្រគល់ទាហានកម្ពុជាទាំង ១៨នាក់មកឲ្យកម្ពុជាវិញ ឲ្យបានឆាប់ និងមានសុវត្ថិភាព
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ម៉ាលី សុជាតា បានបន្តអំពាវនាវយ៉ាងទទូចដល់ភាគីថៃ ឲ្យប្រគល់កងកម្លាំងកម្ពុជាចំនួន១៨នាក់ដែលថៃបានចាប់ទៅកាលពីព្រឹកថ្ងៃទី២៩ ក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់នោះមកកម្ពុជាវិញឲ្យបានឆាប់ និងប្រកបដោយសុខសុវត្ថិភាព បើទោះបីសព្វថ្ងៃនេះថៃអះអាងថា ពួកគាត់ទាំង១៨នាក់មានសុវត្ថិភាពក៏ដោយនោះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ នាព្រឹក ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការទំនាក់ទំនងចរចា និងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះកងកម្លាំងកម្ពុជា ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់ទាហានថៃ ដើម្បីធ្វើយ៉ាងណាឲ្យភាគីថៃធ្វើការដោះលែងពួកគាត់ឲ្យមកកម្ពុជាវិញឆាប់ៗស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ។
សូមបញ្ជាក់ថា ទាក់ទងនឹងវីរកងទ័ពកម្ពុជា ចំនួន១៨នាក់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទាហានថៃនេះដែរ កាលពីម្សិលមិញអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា កម្ពុជាបានស្នើឲ្យម៉ាឡេស៊ីដែលជាប្រធានអាស៊ានប្តូរវេន ឲ្យជួយអន្តរាគមន៍ ដើម្បីជំរុញឲ្យភាគីថៃឆាប់បញ្ជូនពួកគាត់ឲ្យមកកម្ពុជាវិញឲ្យបានឆាប់ៗនេះផងដែរ។ លោកជំទាវអ្នកនាំពាក្យក៏បានលើកឡើងទៀតថាក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនបានព្រងើយកន្តើយ ឬទុកសមាជិករបស់ខ្លួនណាមួយចោលនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ ខណៈទាហាខ្មែរចំនួន១៨នាក់ដែលទាហានថៃចាប់ទៅនេះបានកំពុងបន្តធ្វើការចរចារ យ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់រាជរដ្ឋាភិបាលដើម្បីសុខសុវត្ថិភាពរបស់ពួកគេ។
តាមរយៈសន្និសីទសារព័ត៌មាននាថ្ងៃទី២នេះដែរ លោកជំទាវម៉ាលី សុជាតា ក៏បានប្រកាសឲ្យដឹង ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីសម្រេចមួយបង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកអង្កេតការណ៍ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី មកត្រួតពិនិត្យការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ដោយក្រុមសម្របសម្រួលនោះរួមមានឯកឧត្ដម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តីក្រសួងការពារជាតិជាប្រធាន, ឯកឧត្តម គង់ ភោគ អ្នកនាំពាក្យក្រសួងការបរទេស ជាអនុប្រធាន រួមទាំងសមាជិកជាច្រើនទៀតមកពីអគ្គបញ្ជាការដ្ឋានកងទ័ព អគ្គស្នងការនគរបាលជាតិ បញ្ជាការកងទ័ពជើងគោក៕