ប្រទេសឥណ្ឌា រង្គោះរង្គើដោយការដំឡើងពន្ធរបស់លោក Trump ប៉ុន្តែផ្នែកមួយចំនួននៅអាស៊ី មានភាពធូរស្រាល

នៅទូទាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកកំពុងរកមធ្យោបាយដោះស្រាយនឹងការដំឡើងពន្ធលើការនាំចូលចុងក្រោយ ដែលត្រូវបានដាក់ដោយលោកប្រធានាធិបតី Donald Trump។ ប្រភពព័ត៌មានពីរដ្ឋាភិបាលឥណ្ឌាបានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃសុក្រថា នៅក្នុងប្រទេសឥណ្ឌា ការនាំចេញដែលមានតម្លៃជិត៤០ពាន់លានដុល្លារអាចរងផលប៉ះពាល់ បន្ទាប់ពីប្រទេសមានសេដ្ឋកិច្ចធំបំផុតទី៥របស់ពិភពលោកមួយនេះត្រូវបានផ្តល់អត្រាដំឡើងពន្ធ២៥% ។
ប្រភពដដែលបានបន្តថា ប្រទេសនេះកំពុងពិភាក្សាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ ប៉ុន្តែបើគ្មានកិច្ចព្រមព្រៀងអត្រាពន្ធសម្រាប់លក្ខខណ្ឌពាណិជ្ជកម្ម វាអាចបំផ្លាញសេដ្ឋកិច្ចដៃគូយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកនៅអាស៊ីមួយនេះ។
អគ្គលេខាធិការក្រុមប្រឹក្សាជំរុញការនាំចេញសម្លៀកបំពាក់ លោក Mithileshwar Thakur បាននិយាយថា ការដំឡើងពន្ធគយនេះមិនស្របច្បាប់ទេ។ នៅពេលដែលអ្នកជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(WTO) អ្នកចរចាអំពីការដំឡើងពន្ធតាមកិច្ចព្រមព្រៀងពន្ធWTO ដូច្នេះអ្នកមិនអាចឲ្យលើសពីពន្ធនេះទេ។ ការដំឡើងពន្ធបដិការនេះ មិនបានគោរពតាមគោលការណ៍ឡើយ។
ក្រឹត្យថ្មីរបស់លោក Trump ក៏រួមមានពន្ធ២០% សម្រាប់កោះតៃវ៉ាន់ផងដែរ។ រដ្ឋាភិបាលកោះតៃវ៉ាន់បាននិយាយថា អត្រាពន្ធរបស់ខ្លួនគឺ «បណ្តោះអាសន្ន» ហើយខ្លួនរំពឹងថានឹងឈានដល់តួលេខទាបជាងនេះ។ ប្រទេសអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍មួយចំនួន អាចបង្ហាញពីភាពធូរស្រាល។

You might also like