មនុស្សជាង១០០០នាក់ ដើរដង្ហែដោយសាមគ្គីភាពដើម្បីសន្តិភាព នៅតាមបណ្តោយវិថីដើរចតុមុខ រាជធានីភ្នំពេញ
(ភ្នំពេញ)៖ មនុស្សជាង ១០០០នាក់ បានមកជួបជុំគ្នាដើរដោយសន្តិវិធីនៅតាមបណ្តោយវិថីដើរចតុមុខ នៅក្នុងការដង្ហែដ៏មានអត្ថន័យមួយ ដែលបង្ហាញពីសាមគ្គីភាព និងការអាណិតអាសូរដល់កម្ពុជា។ កម្មវិធីនេះរៀបចំឡើងដោយគំនិតផ្តួចផ្តើមដែលដឹកនាំដោយអ្នកស្ម័គ្រចិត្ត #CambodiaLovesPeace (កម្ពុជាស្រឡាញ់សន្តិភាព) ក្នុងគោលបំណងអបអរសាទរសន្តិភាព និងសាមគ្គីភាពនៅក្នុងប្រទេសកម្ពុជា។
អ្នកចូលរួមបានប្រមូលផ្តុំគ្នានៅក្បែរមាត់ទន្លេ ដោយបានពាក់អាវយឺតពណ៌សដែលមានបោះពុម្ពពាក្យស្លោក «កម្ពុជាស្រឡាញ់សន្តិភាព»។ ពួកគេបានដើរដង្ហែឆ្លងកាត់បេះដូងនៃរាជធានី គឺមិនមែនក្នុងគោលបំណងតវ៉ានោះទេ ប៉ុន្តែដើម្បីបង្ហាញពីនិមិត្តរូបនៃក្តីសង្ឃឹម និងការរួបរួមគ្នា។
លោកស្រី ប៉ិយ៉ាន អ៊ុង (Piyane Ung) បាននិយាយថា «យើងរំពឹងថាមានអ្នកចូលរួមត្រឹមតែរាប់រយនាក់ ប៉ុន្តែជាក់ស្តែងមានរហូតដល់មនុស្សរាប់ពាន់នាក់ បានចូលរួមក្នុងការដង្ហែដោយសន្តិវិធីនេះ។ យើងភាគច្រើនដើរដោយស្ងៀមស្ងាត់ ប៉ុន្តែសាមគ្គីភាពរបស់យើងបាននិយាយចេញយ៉ាងឭ។ ប្រជាជនកម្ពុជាពិតជាប្រាថ្នាចង់បានសន្តិភាព»។ លោកស្រីបានបន្ថែមថា «យើងទើបតែបានចាប់ផ្តើមគំនិតផ្តួចផ្តើមរៃអង្គាស ប្រាក់បន្ទាន់មួយតាមរយៈគេហទំព័រ www.cambodialovespeace.com ដោយមានគណៈកម្មាធិការនៅប្រទេសអូស្ត្រាលី ដើម្បីជួយដល់គ្រួសារ និងកុមារដែលបានផ្លាស់ទីលំនៅ ហើយជំហានបន្ទាប់របស់យើងគឺជួយពួកគេកសាងលំនៅដ្ឋានឡើងវិញ»។
ជាមួយគ្នានេះ លោក រ៉េននី ដារ៉ា (Rainnie Dara) បាននិយាយថា «ការដែលបានឃើញមនុស្សមកពីគ្រប់មជ្ឈដ្ឋានមកជួបជុំគ្នា ដើរដោយស្ងៀមស្ងាត់ និងចែករំលែកនូវពេលវេលាដ៏សុខសាន្តបែបនេះ គឺវាបានរំឭកខ្ញុំថា សូម្បីតែកាយវិការដ៏សាមញ្ញបំផុតនៃសាមគ្គីភាព ក៏អាចបន្សល់ទុកនូវឥទ្ធិពលយ៉ាងជ្រាលជ្រៅបានដែរ»៕