លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ថានឹងមិនចុះចេញពីតំណែងឡើយ
បើតាមការបញ្ជាក់ពីលោក Prommin Lertsuridej ដែលជាអគ្គលេខាធិការរបស់នាយករដ្ឋមន្ត្រីផែថងថាន ស៊ីណាវ៉ាត្រ ក្នុងសន្និសីទកាសែតកាលពីថ្ងៃចន្ទទី៤ខែសីហាឆ្នាំ២០២៥ បើទោះជាមានបាតុកម្មរង្គើទីក្រុងបាងកកក៏ដោយ ក៏នាយករដ្ឋមន្ត្រីព្យួរតំណែង ផែថងថាន ស៊ីណាវ៉ាត្រ នឹងមិនចុះចេញពីតំណែងដាច់ខាត រហូតដល់ដែលតុលាការធម្មនុញ្ញចេញសាលក្រមសំណុំរឿងបែកធ្លាយការសន្ទនាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។
សូមបញ្ជាក់ថា បាតុកម្មរង្គើទីក្រុងបាងកកនេះ បានកើតឡើងបន្ទាប់ពីតុលាការធម្មនុញ្ញថៃ បដិសេធសំណើរបស់ លោកស្រី ផែថងថាន ដែលសុំពន្យារពេល១៥ថ្ងៃទៀត ដើម្បីដាក់ការឆ្លើយបំភ្លឺជុំវិញការនិយាយទូរស័ព្ទជាសម្ងាត់ជាមួយសម្តេចតេជោ ហ៊ុន សែន។