ឧកញ៉ា ស្រី ចាន់ថន ចាត់តំណាងចូលរួមគោរពវិញ្ញាណក្ខន្ធ និងចូលបច្ច័យបុណ្យសពយុទ្ធជនពលីពលទោ ពេទ ម៉ាឡា និងពលទោ ចាន់ រដ្ឋា ដែលពលីក្នុងសមរភូមិមុខ

(ភ្នំពេញ)៖ ឧកញ៉ា ស្រី ចាន់ថន ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តំណាងក្រុមគ្រួសារទាំងមូល បានចាត់តំណាងរបស់លោកទៅរួមគោរពវិញ្ញាណក្ខន្ធ និងចូលបច្ច័យបុណ្យសពយុទ្ធជនពលី ពលទោ ពេទ ម៉ាឡា ស្ថិតនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ជាយោធិនពលី ក្នុងសមរភូមិច្បាំងតតាំងប្រឆាំងនឹងការឈ្លានពានពីសំណាក់កងទ័ពថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។
ក្នុងឱកាសនោះដែរ ឧកញ៉ា ស្រី ចាន់ថន ក៏បាននាំបច្ច័យចំនួន ៤លានរៀលជូនដល់គ្រួសារសពពលទោ ពេទ ម៉ាឡា និងសពពលទោ ចាន់ រដ្ឋា ចំនួន៤លានរៀល ស្ថិតនៅ ភូមិកែប ឃុំកែប ស្រុកកែប ខេត្តកែប ផងដែរ។
ឧកញ៉ា ស្រី ចាន់ថន បានសម្តែងនូវការរំលែកទុក្ខជូនដល់គ្រួសារយុទ្ធជនពលី ដែលនេះគឺជាការបាត់បង់យុទ្ធជនដ៏អង់អាចក្លាហាន កូនជាទីស្រឡាញ់ បងប្អូនជាទីគោរព ឪពុកដ៏មានព្រហ្មវិហារធម៌ និងស្វាមីដែលមានភក្តីភាព សម្រាប់ជាតិ ព្រមទាំងក្រុមគ្រួសារ។
បន្ថែមពីនេះ ឧកញ៉ាបានកត់សម្គាល់ថា ការពលីរបស់យុទ្ធជនជួរមុខកម្ពុជា នឹងត្រូវចងចាំទុកជាវីរភាព ប្រកបដោយឆន្ទៈមោះមុត ក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដីរបស់កម្ពុជាឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ ពីការរំលោភបំពាន និងឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា។ សូមឧទ្ទិសបួងសួងសុំឱ្យដួងវិញ្ញាណក្ខន្ធយុទ្ធជនពលី បានចាប់កំណើតក្នុងឋានបរម្យសុខកុំបីឃ្លៀងឃ្លាតឡើយ៕

You might also like