ចំពោះមុខពលរដ្ឋភៀសសឹក, អភិបាលខេត្តព្រះវិហារ បញ្ជាក់ថាសម្តេចបវរធិបតី ហ៊ុន ម៉ាណែត មិនអនុញ្ញាតឱ្យពលរដ្ឋភៀសសឹកណាម្នាក់ដាច់ស្បៀងដោយមិនបានដឹងនោះទេ

(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានលើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឹមិនអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋភៀសសឹកណាម្នាក់ដាច់ស្បៀងដោយយើងមិនបានដឹងនោះទេ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ លោក គីម រិទ្ធី បានលើកឡើងពីព្រឹត្តិការណ៍ឈ្លានពានរបស់កងទ័ពថៃ នៅតាមព្រំដែន ធ្វើឱ្យប្រជាពលរដ្ឋគេចខ្លួនមកកាន់ទីតាំងសុវត្ថិភាពផ្សេងៗ។ ពេលមកដល់ដំណាក់កាលដំបូង២៤ម៉ោង លើ៤៨ម៉ោង យើងមានស្បៀងអន្តរាគមន៍របស់រដ្ឋ និងកាកបាទក្រហមកម្ពុជា ដើម្បីស្វាគមន៍ពួគាត់។ ប៉ុន្តែក្រោយមកទៀតចលនាស្នេហាជាតិទូទាំងប្រទេស ភូមិ ឃុំ ស្រុក ក្រុង ខេត្ត និងស្ថាប័នផ្សេងៗបាននាំអំណោយមកយ៉ាងច្រើន ដើម្បីមកជួយបងប្អូននៅមណ្ឌលសុវត្ថិភាព ក៏ដូចជានៅតាមផ្ទះរបស់ពួកគាត់ផងដែរ។
លោកអភិបាលខេត្តព្រះវិហារ បានបញ្ជាក់ថា ចំពោះបងប្អូនដែលនាំយកអំណោយមកចែកមាន២ប្រភេទ គឺប្រភេទទី១ គីគាត់មកចែកអំណោយផ្ទាល់ដៃជូនប្រជាពលរដ្ឋ ដោយឡែកប្រភេទទី២ ពួកគាត់មើលឃើញប្រជាពលរដ្ឋមានស្បៀងគ្រប់គ្រាន់ហើយ គឺពួកគាត់បានផ្ញើស្បៀងនេះជាស្បៀងបម្រុង ដើម្បីទុករយះពេលទៅមុខទៀត ព្រោះយើងមិនដឹងថា តើសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ចប់នៅថ្ងៃណា ឫខែណានោះទេ ដូច្នេះយើងត្រូវប្រើប្រាស់ស្បៀងដោយសន្សំសំចៃបំផុតដើម្បីរក្សានិរន្តរភាពជួយស្តារឡើងវិញពេលដែលពួកគាត់ត្រឡប់ទៅផ្ទះវិញ។
លោក គីម រិទ្ធី បានថ្លែងថា៖ «កន្លងមកមានបងប្អូនយើងមួយចំនួនតូចលើកឡើងថាពួកគាត់មិនមានស្បៀងគ្រប់គ្រាន់ ត្រង់ករណីនេះលោកបានណែនាំដល់អ្នកសារព័ត៍មានសូមចុះពិនិត្យផ្ទាល់ដល់តង់ស្នាក់នៅរបស់ប្រជាពលរដ្ឋភៀសសឹក ហើយមើលថា តើគាត់អង្ករប៉ុន្មាន? មានត្រីខប៉ុន្មាន? មានមីប៉ុន្មានកេស?មានទឹកត្រី ទឹកសុីអុីវ ប៉ុន្មាន? ប៉ុន្តែបើគាត់ខ្វះពិតប្រាកដយើងនឹងជូនគាត់ភ្លាម»។
លោកអភិបាលខេត្តបានបន្តថា នៅចំពោះមុខយើងត្រូវរៀបចំទុកដាក់ស្បៀងឱ្យបានល្អ ហើយចំពោះពលរដ្ឋដែលគាត់មានស្បៀង គឺមិនអនុញ្ញាតឱ្យគាត់ដឹកចេញក្រៅនោះទេ ក្នុងករណីដែលគាត់ចេញទៅផ្ទះ គឺគាត់អាចដឹកចេញបាន។ លោកថាបាតុភាពនៅមណ្ឌលសុវត្ថិភាព គឺតែងកើតឡើង មានអ្នកចូលមកទិញស្បៀងក្នុងតម្លៃថោកៗ ចូលទិញតង់កៅស៊ូជាដើម ដែលយើងត្រូវតាមដាន និងទប់ស្កាត់ជនឱកាសនិយាមមិនឱ្យកើតមាននោះទេ៕

You might also like