ធ្លាក់ឧទ្ធម្ភាគចក្រយោធានៅហ្គាណា ស.ម្លាប់រដ្ឋមន្ត្រី ២រូប និងមន្ត្រីជាន់ខ្ពស់ ៦រូបទៀត

(អាក្រា)៖ រដ្ឋមន្ត្រីការពារជាតិហ្គាណា លោក Edward Omane Boamah បានស្លាប់បាត់បង់ជីវិតនៅក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងកាលពីថ្ងៃពុធ រួមជាមួយមន្ត្រីរដ្ឋាភិបាល ៤នាក់ផ្សេងទៀត និងក្រុមការងារកងទ័ពអាកាស ៣នាក់។ នេះបើយោងតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាល និងរាយការណ៍ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា ឆ្នាំ២០២៥។
ប្រធានការិយាល័យប្រធានាធិបតី លោក Julius Debrah បានចាត់ទុកឧបទ្ទវហេតុនេះថាជា «សោកនាដកម្មជាតិ» ដោយសារវាបានផ្តាច់ជីវិតមន្ត្រីជាន់ខ្ពស់ពីររូប គឺលោក Boamah និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក Ibrahim Murtala Muhammed។ លោកបានថ្លែងថា «លោកប្រធានាធិបតី និងរដ្ឋាភិបាល សូមចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះគ្រួសារនៃសហការី និងយោធិនរបស់យើង ដែលបានពលីជីវិតក្នុងការបម្រើប្រទេសជាតិ»។
ទោះជាយ៉ាងណា អាជ្ញាធរមិនទាន់បានផ្តល់ការពន្យល់ភ្លាមៗ អំពីមូលហេតុដែលនាំឲ្យមានការធ្លាក់នេះនៅឡើយទេ។ មុននេះ កងកម្លាំងប្រដាប់អាវុធហ្គាណា បាននិយាយថា ទំនាក់ទំនងរ៉ាដាត្រូវបានបាត់បង់ជាមួយឧទ្ធម្ភាគចក្រកងទ័ពអាកាសប្រភេទ Z9 មួយគ្រឿង។
លោក Boamah ដែលជាអតីតរដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍ ត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិក្នុងខែមករា បន្ទាប់ពីលោក Mahama បានត្រឡប់មកកាន់អំណាចវិញ។ អ្នកស្នងតំណែងរបស់លោក នឹងត្រូវទទួលបន្ទុកលើសំណុំរឿងសន្តិសុខដ៏ស្មុគស្មាញ ដែលរួមមានទាំងការគំរាមកំហែងពីខាងក្រៅ និងខាងក្នុង។
គួរបញ្ជាក់ថា ដូចបណ្តាប្រទេសនៅអាហ្វ្រិកខាងលិចជាប់ឆ្នេរសមុទ្រដទៃទៀតដែរ ហ្គាណាប្រឈមមុខនឹងការគំរាមកំហែងពីក្រុមឥស្លាមជ្រុលនិយមដែលសកម្មនៅក្នុងតំបន់ Sahel ដែលបានព្យាយាមរុញច្រានមកភាគខាងត្បូង។ លើសពីនេះ ប្រទេសនេះក៏កំពុងប្រឈមនឹងជម្លោះផ្ទៃក្នុងដ៏យូរអង្វែងផងដែរ ដែលថ្មីៗនេះបានបង្កឲ្យមានអំពើហិង្សា រួមទាំងការវាយប្រហារលើសាលារៀនផងដែរ។
ការបាត់បង់មន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាល គឺជាការប៉ះទង្គិចដ៏ធំមួយដល់ស្ថិរភាពនយោបាយ និងសន្តិសុខរបស់ប្រទេសហ្គាណា៕

You might also like