កម្ពុជា-ម៉ាឡេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគ និងពាណិជ្ជកម្មបន្ថែម
កម្ពុជា-ម៉ាឡេស៊ី ពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ការងារ លើកិច្ចការទំនាក់ទំនងទ្វេរភាគី ដើម្បីពង្រឹង និងពង្រីកបន្ថែមនូវកិច្ច សហប្រតិបត្តិការ ជាពិសេសការទាក់ទាញវិនិយោគិនម៉ាឡេស៊ី ឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយ ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជា ណាចក្រកម្ពុជា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥, តាមរយៈជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បាន ធ្វើការជជែកពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ការងារ ពិសេសលើការពង្រឹងទំនាក់ទំនងទ្វេរភាគី ដើម្បីពង្រឹងនិងពង្រីកបន្ថែមទៀត លើ កិច្ចសហប្រតិបត្តិការនាពេលអនាគត ដោយរំពឹងថា នឹងអាចទាក់ទាញវិនិយោគម៉ាឡេស៊ីបានច្រើនមកកាន់កម្ពុជា ជាពិសេសលើ វិស័យឧស្សាហកម្មកែច្នៃម្ហូបអាហារហាឡាល់ (Halal Food)។
ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវថ្លែងអំណរគុណចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី បានចូលជួបសម្តែង ការគួរសម និងពិភាក្សាការងារនាឱកាសនេះ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានសម្តែងនូវការកោត សរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការអនុវត្តបទឈប់បាញ់ ដែលបានឯកភាព ជាផ្លូវការកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ដែលនេះបានបង្ហាញឱ្យឃើញពីការប្តេជ្ញា ចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការស្វែងរកសន្តិភាព និងស្ថិរភាពរវាងប្រទេសជិតខាង ដើម្បីគាំទ្រដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីសោមនស្សរីករាយ និងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ដែលមាន ឯកឧត្តម Anwar Ibrahim ជានាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ានឆ្នាំ២០២៥ ដែលបានជួយសម្របសម្រួលក្នុង កាលៈទេសៈដែលកម្ពុជានិងថៃ មានការប្រឈមដាក់គ្នាលើបញ្ហាព្រំដែន។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវគាំទ្រ ចំពោះលទ្ធផលដែលសម្រេចបានតាមរយៈកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការ ព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីផងដែរ៕






