រថយន្តធុនធំដឹកទំនិញ១គ្រឿង ខណៈបេីកចូលទៅក្នុងឃ្លាំងមួយកន្លែង ដើម្បីទម្លាក់ទំនិញចុះស្តុកទុកក្នុងឃ្លាំងហើយពុំដឹងថាមានបញ្ហាអ្វីទេ ស្រាប់តែក្រឡាប់សង្កត់លេីផ្ទះមួយនៅជិតឃ្លាំង
ភ្នំពេញ ៖ កាលពី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវបេតុង ស្ថិតនៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
រថយន្តធុនធំដឹកទំនិញ១គ្រឿង ខណៈបេីកចូលទៅក្នុងឃ្លាំងមួយកន្លែងដើម្បីទម្លាក់ទំនិញចុះស្តុកទុកក្នុងឃ្លាំងហើយពុំដឹងថាមានបញ្ហាអ្វីទេ ស្រាប់តែក្រឡាប់សង្កត់លេីផ្ទះមួយនៅជិតឃ្លាំងនោះ បណ្ដាលឲ្យេផ្ទះខាងលើរួមទាំងសម្ភារៈមួយចំនួនរងការខូចខាត ប៉ុន្តែជាសំណាងល្អមិនបានបង្កឲ្យម្ចាស់ផ្ទះរងរបួសឬក៏ស្លាប់នោះឡើយ ។
រថយន្តខាងលើនោះម៉ាកហុីយ៉ាន់ដាយពណ័សលាយបៃតង ពាក់ស្លាកលេខភ្នំពេញ3D-0689 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ហើយរថយន្តនេះដឹកអីវាន់ពេញទ្រុង ប៉ុន្តែពុំមាននរណាបានដឹងថាជាប្រភេទអីវាន់អ្វីហើយនាំចូលពីប្រទេសណាឡើយ ។
នៅមុនពេលកើតហេតុរថយន្តនេះបានដឹកអីវាន់គ្របតង់ជិតចូលទៅក្នុងឃ្លាំងមួយកន្លែងខាងលើ ខណៈនោះមិនដឹងជាយ៉ាងម៉េចទេ ខណៈទៅដល់មាត់ច្រកចូលឃ្លាំង ស្រាប់តែក្រឡាប់សង្កត់លើជញ្ជាំងផ្ទះមួយខ្នងស្ថិតនៅជិតនោះទាំងកំរោល ។ ប៉ុន្តែជាសំណាងល្អមិនបានបណ្ដាលឲ្យម្ចាស់ផ្ទះរងរបួសឬក៏ស្លាប់នោះឡើយ ចំណែកផ្ទះនោះរួមជាមួយសម្ភារៈផ្សេងៗ បានរងការខូចខាត បន្ទាប់មកខាងតំណាងរថយន្តខាងលើបានធ្វើការសម្របរម្រួល ចេញសំណងខូចខាតដល់ម្ចាស់ផ្ទះដើម្បីបញ្ចប់រឿង ។
ម្ចាស់ផ្ទះនោះបាននិយាយថា កន្លងមកកូនគាត់តែងតែអង្គុយលេងនៅជិតជញ្ជាំងផ្ទះនោះរាល់ថ្ងៃ ប៉ុន្តែនៅវេលាព្រឹកថ្ងៃកើតហេតុ អត់ទៅអង្គុយលេងនៅចំណុចនោះទៀតទេ កូនគាត់បានមកអង្គុយលេងនៅលើតុឆ្ងាុយពីជញ្ជាំង ក្រោយមកក៏ស្រាប់តែរថយន្ត១គ្រឿងនេះក្រឡាប់សង្កត់ជញ្ជាំងត្រង់កន្លែងដែលកូនគាត់ធ្លាប់អង្គុយនោះតែម្ដង ។ ប្រជាពលរដ្ឋបាននិយាយថា នេះជាសំណាងមួយក្នុងចំណោម១ពាន់គ្រោះថ្នាក់ ប្រសិនបើកូនតូចម្ចាស់ផ្ទះអង្គុយលេងនៅកន្លែងដែលធ្លាប់អង្គុយរាល់ថ្ងៃនោះ ប្រាកដជាត្រូវរថយន្តសង្កត់លើ បណ្ដាលឲ្យរងរបួសធ្ងន់ ឬក៏អាចនិងស្លាប់ផងក៏មិនដឹង ៕