ទស្សនៈ៖ កងទ័ពថៃ និងអាជ្ញាធរខេត្តស្រះកែវ គប់គិតបើកដៃឱ្យបុគ្គល កាន់ ចមផ្លាំង ធ្វើទង្វើរំលោភសិទ្ធិមនុស្ស និងធ្វើឱ្យអ័ព្ទឱនកិត្តិយសថៃមួយប្រទេស
(បន្ទាយមានជ័យ)៖ កងទ័ពរបស់ថៃ និងអាជ្ញាធរខេត្តស្រះកែវ បានគប់គិតគ្នាបើកដៃឱ្យបុគ្គល «កាន់ ចមផ្លាំង» ធ្វើទង្វើរំលោភសិទ្ធិរបស់មនុស្សជាតិខុសនឹងច្បាប់អន្តរជាតិ ដែលជាការធ្វើឱ្យកិត្តិយសរបស់ជនជាតិថៃពេញមួយប្រទេសត្រូវអ័ព្ទឱនព្រោះតែទង្វើគ្មានភាពថ្លៃថ្នូរ គ្មានសីលធម៌ និងគ្មានសតិជាមនុស្ស។
បុគ្គល កាន់ ចមផ្លាំង ដែលជាមនុស្សមានប្រជាប្រិយភាពក្នុងបណ្តាញសង្គមរបស់ថៃ ត្រូវបានគេមើលឃើញថា បានធ្វើ និងកំពុងបន្តធ្វើនូវទង្វើជាច្រើនដែលរំលោភបំពានសិទ្ធិមនុស្សជាតិ ជាពិសេសសិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជានៅក្នុងភូមិជោគជ័យ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
កាលពីចុងខែសីហា ឆ្នាំ២០២៥កន្លងទៅនេះ បុគ្គល កាន់ ចមផ្លាំង ធ្លាប់បានផ្តើមគំនិត និងរៀបចំរថយន្តដឹកលាមកបំណងយកមកបាញ់លើប្រជាពលរដ្ឋខ្មែរ និងភូមិឋានពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងព្រៃចាន់។ ជាពិសេសតាមរថយន្តដឹកលាមកនោះ ពួកគេបានចងទង់ជាតិរបស់ថៃថែមទៀតផង។
បើទោះបីរថយន្តដឹកលាមកត្រូវបានបើកមកដល់ព្រំដែន តែពួកគេមិនត្រូវបានអនុញ្ញាតឱ្យធ្វើសកម្មភាពនោះឡើយ ហើយទង្វើនោះក៏ទទួលបានការរិះគន់យ៉ាងខ្លាំង។ ទង្វើនេះ ត្រូវបានសាធារណមតិនៅក្នុងប្រទេសថៃ នៅកម្ពុជា និងប្រទេសនានា ពិព័ណ៌នាថា ជាទង្វើមួយរំលោភដល់សិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ ហើយក៏ជាការបន្ទាបបន្ថោកកិត្តិយសជាតិសាសន៍ថៃពេញមួយប្រទេស។ អ្នកខ្លះពិព័ណ៌នាថា ទង់ជាតិ ដែលធ្លាប់តែជាគោរព និងបង្ហាញសម្រាប់ភាពមោទនភាពនោះ ត្រូវបានបុគ្គល កាន់ ចមផ្លាំង យកទៅចងលើលាមកជាកន្លែងស្អប់ខ្ពើមទៅវិញ។
បន្ទាប់ពីរងការរិះគន់នោះទៅ សកម្មភាពរបស់បុគ្គល កាន់ ចមផ្លាំង បានស្ងប់ស្ងាត់មួយរយៈ។ នៅពេលនេះបុគ្គលរូបនេះ បានចេញមកធ្វើសកម្មភាពធ្វើឱ្យអ័ព្ទឱនកិត្តិយសរបស់ជាតិសាសន៍ថៃជាថ្មីទៀតហើយ។
នៅយប់ថ្ងៃទី១០ ១១ និង១២ ខែតុលា ឆ្នាំ២០២៥ បុគ្គល កាន់ ចមផ្លាំង ដោយមានការគប់គិត និងបើកដៃពីកងទ័ពថៃ និងអាជ្ញាធរខេត្តស្រះកែវផងនោះ បានយកឧបករណ៍បំពងសំឡេងដែលលាន់ឭខ្លាំង យកមកចាក់សំឡេងរំខានដំណេករបស់ប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ និងភូមិជោគជ័យ។ សំឡេងដែលពួកគេចាក់នោះ មានដូចជាសំឡេងខ្មោចលង សំឡេងយន្តហោះ និងសំឡេងផ្សេងជាច្រើនទៀត។
សំឡេងលាន់ឭដ៏ខ្លាំងនោះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងន់ដល់ដំណេក ផ្លូវចិត្ត ផ្លូវអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែររួមមានចាស់ជរា ជនមានជំងឺ ជនមានពិការភាព ក្មេងតូចៗ ស្ត្រី ស្ត្រីមានកូនតូច និងស្ត្រីមានផ្ទៃពោះជាដើម។ ទង្វើរបស់បុគ្គល កាន់ ចមផ្លាំង ត្រូវបានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចាត់ទុកជាទង្វើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់មួយនៃការ បំភិតបំភ័យ និងយាយីផ្លូវចិត្ត នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ពីសំណាក់កងទ័ពថៃ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្តឹងសកម្មភាពនេះ ទៅកាន់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សផងដែរ។
ថៃ ត្រូវបានគេចាត់ទុកជាជាតិសាសន៍មួយស៊ីវិល័យ និងមានភាពថ្លៃថ្នូរនៅអាស៊ីអាគ្នេយ៍ តែទង្វើរំលោភបំពានរបស់យោធាថៃ បូករួមនឹងទង្វើថ្មីៗរបស់ កាន់ ចមផ្លាំង មកលើពលរដ្ឋខ្មែរនេះ កំពុងទាញទម្លាក់កិត្តិយស និងភាពថ្លៃថ្នូររបស់ថៃឱ្យធ្លាក់ចុះខ្លាំង។ ទង្វើរបស់បុគ្គល កាន់ ចមផ្លាំង ក្រោមការសមគំនិតរបស់យោធាថៃ និងអាជ្ញាធរខេត្តស្រះកែវ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅកាន់ពិភពលោក ក្នុងនោះទីភ្នាក់ងារសារព័ត៌មានរបស់ពិភពលោក AFP ក៏បានផ្សាយនូវការចាក់សំឡេងផ្សាយរំខានអ្នកភូមិជោគជ័យ និងព្រៃចាន់ផងដែរ។
តាមរយៈការផ្សាយយ៉ាងទូលំទូលាយនេះ ធ្វើឱ្យមនុស្សលើពិភពលោក បានរិះគន់នូវឥរិយាបថ និងទង្វើរបស់បុគ្គល កាន់ ចមផ្លាំង ក៏ដូចជាយោធាថៃ អាជ្ញាធរខេត្តស្រះកែវ ដែលបើកដៃឱ្យមានសកម្មភាព គឺជាការរំលោភបំពានសិទ្ធិរបស់មនុស្សជាតិ ជាទង្វើខ្វះសីលធម៌ និងខ្វះភាពថ្លៃថ្នូរ។ ទង្វើរបស់បុគ្គល កាន់ ចមផ្លាំង ដែលបើកដៃដោយយោធាថៃ អាជ្ញាធរខេត្តស្រះកែវ ប្រៀបបាននឹងការយកកិត្តិយសរបស់ជនជាតិថៃមួយប្រទេសមកជាន់ឈ្លី និងការវិនិច្ឆ័យក្នុងតម្លៃមិនល្អពីមនុស្សជាតិនៅលើពិភពលោកផងដែរ។
ផ្តើមចេញពីរឿងទាំងនេះ តើយោធាថៃ អាជ្ញាធរខេត្តស្រះកែវ ជាពិសេសប្រជាពលរដ្ឋថៃ ជាអ្នកមិនជ្រុលនិយម ជាអ្នករៀនសូត្រចេះដឹង ជាបញ្ញវន្ត បន្តទុកឱ្យបុគ្គល កាន់ ចមផ្លាំង ធ្វើទង្វើបំផ្លាញកិត្តិយសរបស់ជនជាតិថៃមួយប្រទេស បន្តទៀតឬយ៉ាងណា?