ធ្លាប់ជាប់ពន្ធនាគារ០២ឆ្នាំ តែនៅតែប្រើប្រាស់គ្រឿងញៀននិងហិង្សាដោយចេតនា កាប់ជនរងគ្រោះមួយកាំបិតផ្គាក់រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ

កណ្តាល ÷ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារ០២ឆ្នាំ តែនៅតែប្រើប្រាស់គ្រឿងញៀននិង ហិង្សាដោយចេតនា កាប់ជនរងគ្រោះមួយកាំបិតផ្គាក់ អោយរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយហេតុការណ៏បានកើតឡើងកាលពី ថ្ងៃទី២៤ខែមករាឆ្នាំ២០២៦ នៅចំណុចក្នុងភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។
ប្រភពពីសមត្ថកិច្ចបានប្រាប់អោយដឹងថា ជនរងគ្រោះមានឈ្មោះ ឡុញ ឡេវ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ,ចំនែកជនសង្ស័យមានឈ្មោះ រ៉ា ឆៃ ភេទប្រុសអាយុ៤២ឆ្នាំ ជនជាតិខ្មែរ (វិជ្ជមាននូវសារធាតុញៀន +) មានប្រវត្តិជាប់ពន្ធនាគារចំនួន០២ឆ្នាំ ពីបទជួញដូរនូវសារធាតុញៀនខុសច្បាប់ ដោយអ្នកទាំងពីរ មានមុខរបរជាកម្មករ និងមានទីលំនៅជាមួយគ្នា ក្នុងភូមិឃុំកើតហេតុ ។ វត្ថុតាងចាប់យក : កាំបិតផ្គាក់ផ្លែដែកដងធ្វើអំពីឬស្សីមានប្រវែង០១ម៉ែត្រ ។
សមត្ថកិច្ចបានប្រាប់អោយដឹងទៀតថា÷ នៅវេលាកើតហេតុ ទាំងជនរងគ្រោះ និងជនសង្ស័យបានអង្គុយលេងបៀរជាមួយគ្នាដោយភ្នាល់ផឹកទឹកនៅលើផ្ទះរបស់ឈ្មោះ គីម ក្រោយបន្តិចមក ជនរងគ្រោះបានក្រោកឈរបម្រុងទៅបត់ជើងតូច ក៏ឃើញប៊ីដុងទឹកសុទ្ធ ក៏យកជើងទាត់ទៅទាត់មក ពេលនោះជនសង្ស័យក៏បាននិយាយថា ÷ បងឯងទាត់ទៅទាត់មកអញ្ចឹង ! ដូចទាត់ក្បាលអញអញ្ចឹង !! គ្រាន់តែលឺសំដីនេះភ្លាម !
ជនរងគ្រោះឈ្មោះ ឡុញ ឡេវ បានខឹងយ៉ាងខ្លាំងក៏ស្ទុះទៅដាល់លើជនសង្ស័យឈ្មោះ រ៉ា ឆៃ ចំនួន ៤ ទៅ ៥ដៃ ដែលធ្វើអោយជនសង្ស័យខឹងទប់កំហឹងមិនបានក៏ទាញកាំបឹតផ្គាក់ដែលនៅលើផ្ទះ កាប់ទៅលើជនរងគ្រោះពីក្រោយមួយកំបិតបណ្ដាលអោយរងរបួសធ្ងន់ រួចជនសង្ស័យបានកាន់កាំបិតផ្គាក់ដើរចុះពីលើផ្ទះគេចខ្លួនបាត់ ។
ក្រោយសមត្ថកិច្ចទទួលបានសេចក្តីរាយការណ៏ភ្លាម បានចុះអន្តរាគមន៏បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកស្អាង ប៉ុន្តែដោយរបួសធ្ងន់ពេក ទើបបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកជ័យជំនះក្រុងតាខ្មៅ ។
ជាបន្ទាប់សមត្ថកិច្ចឃុំស្អាងភ្នំ បានសហការជាមួយកម្លាំងប្រជាការពារ បានបន្តស្រាវជ្រាវ រហូតដល់ម៉ោង ២២និង២០នាទីថ្ងៃដដែល ទើបសមត្ថកិច្ចអាចឃាត់ខ្លួនជនសង្ស័យបាន ព្រោះជាពេលយប់ទំរាំជនសង្ស័យព្រមទំលាក់កាំបិតផ្គាក់ចុះ និងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីចាត់ការតាមនីតិវិធី៕

You might also like