អ៊ីរ៉ង់ ចាប់ខ្លួនមនុស្សរាប់សិបនាក់ រួមទាំងជនបរទេសដែលជាប់ពាក់ព័ន្ធនឹងអាមេរិក និងអ៊ីស្រាអែល

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថា ក្រសួងចារកម្មរបស់អ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអង្គារ (១០ មីនា) ថា អ៊ីរ៉ង់ បានចាប់ខ្លួនមនុស្សរាប់សិបនាក់ រួមទាំងជនបរទេសម្នាក់ ដោយប្រកាន់ថាធ្វើចារកម្មឱ្យ «សត្រូវ» របស់អ៊ីរ៉ង់ ខណៈសង្គ្រាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅតែបន្តយ៉ាងក្ដៅគគុក។
អាមេរិក និងអ៊ីស្រាអែល បើកការវាយប្រហារតាមអាកាសប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយសម្លាប់មេដឹកនាំកំពូលរបស់ប្រទេសនេះគឺលោក Ayatollah Ali Khamenei និងមេបញ្ជាការជាច្រើនរូបទៀត។ អំឡុងពេលនៃជម្លោះដែលកំពុងបន្ត អ៊ីរ៉ង់បើកការវាយប្រហារសងសឹកប្រឆាំងនឹងបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក និងមានមូលដ្ឋានទ័ពអាមេរិក។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ក្រសួងចារកម្មអ៊ីរ៉ង់ បាននិយាយដោយមិនបញ្ជាក់ពីសញ្ជាតិរបស់ជនដែលត្រូវចាប់ខ្លួននោះថា ជនបរទេសរូបនោះ «កំពុងធ្វើចារកម្មជំនួសនាមឱ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែល និងធ្វើជាភ្នាក់ងារតំណាងឱ្យប្រជាជាតិនៅតំបន់ឈូងសមុទ្រចំនួនពីរប្រទេស»។
គួរឱ្យដឹងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កងឆ្មាំបដិវត្តន៍របស់អ៊ីរ៉ង់ បានចាប់ខ្លួនជនជាតិដែលមានសញ្ជាតិពីរ និងជនបរទេសរាប់សិបនាក់ ដែលភាគច្រើនត្រូវបានចោទប្រកាន់ផ្នែកចារកម្ម និងសន្តិសុខ។ ក្រុមសិទ្ធិមនុស្សបានចោទសាធារណរដ្ឋអ៊ិស្លាមមួយនេះថា បានព្យាយាមទាមទារសម្បទានពីប្រទេសផ្សេងទៀត តាមរយៈការចាប់ខ្លួនលើការចោទប្រកាន់ផ្នែកសន្តិសុខបែបនេះ ដែលអាចជាការប្រឌិតឡើង។ ទីក្រុងតេអេរ៉ង់ បានបដិសេធរឿងនេះ។
ក្រសួងអ៊ីរ៉ង់ បាននិយាយថា «ចារបុរស ជនក្បត់ផ្ទៃក្នុង និងភ្នាក់ងារប្រតិបត្តិការរបស់អ៊ីស្រាអែល និងអាមេរិកចំនួន ៣០នាក់» ត្រូវបានចាប់ខ្លួនក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ។ ដោយឡែក មន្រ្តីជាន់ខ្ពស់នគរបាលអ៊ីរ៉ង់ បានប្រាប់ទូរទស្សន៍រដ្ឋថា មនុស្សប្រហែល ៨១នាក់ ត្រូវបានឃាត់ខ្លួនរហូតមកដល់ពេលនេះ ដោយសារ «ចែករំលែកព័ត៌មានផ្ទៃក្នុងរបស់អ៊ីរ៉ង់ ជាមួយប្រព័ន្ធផ្សព្វផ្សាយអរិភាព និងសត្រូវ» ប៉ុន្តែមិនបានផ្តល់ព័ត៌មានបន្ថែមនោះទេ៕

You might also like