អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ៖ កម្ពុជាបន្តបណ្ដេញចេញជនបរទេសចំនួន៧២៤នាក់ទៀត ពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន ឆបោកតាមប្រព័ន្ធអនឡាញ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ និងធ្វើការងារខុសច្បាប់
នៅលើបណ្ដាញសង្គមផ្លូវការ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ពីថ្ងៃទី៧ ដល់ទី១០ ខែមីនា ឆ្នាំ២០២៦ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន ៧២៤នាក់ (ស្រី ១៦៣នាក់) មាន១៥សញ្ជាតិ រួមមានចិន ជប៉ុន ប៉ាគីស្ថាន ឥណ្ឌា យ៉ូហ្គង់ដា ឥណ្ឌូនេស៊ី ចិនតៃវ៉ាន់ កូរ៉េ ហ្វីលីពីន នេប៉ាល់ វៀតណាម បង់ក្លាដេស អេត្យូពី នីហ្សេរីយ៉ា និងកាមេរូន ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន ឆបោកតាមប្រព័ន្ធអនឡាញ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ និងធ្វើការងារខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមានសេរីភាពនិងអាចវិលត្រលប់ទៅប្រទេសរបស់ខ្លួនវិញ៕






