កប៉ាល់ដឹកទំនិញមួយគ្រឿងរបស់ថៃ ត្រូវបានបាញ់កម្ទេចនៅច្រកសមុទ្រ Hormuz

នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៦ នេះ មានព័ត៌មានបានឱ្យដឹងថា កប៉ាល់ដឹកទំនិញមួយគ្រឿងរបស់ថៃ ឈ្មោះ ម៉ាយូរី ណារី ត្រូវបានបាញ់កម្ទេចខណៈកំពុងធ្វើដំណើរនៅជិតច្រកសមុទ្រ ដែលជាច្រកដែលអ៊ីរ៉ង់បានប្រកាសបិទមិនឱ្យកប៉ាល់ឆ្លងកាត់ បន្ទាប់ពីរងការវាយប្រហារពីអ៊ីស្រាអែល និងអាមេរិក។
ខាងកងទ័ពជើងទឹករបស់ថៃ បានបញ្ជាក់ឱ្យដឹងថា កប៉ាល់នេះពិតជាត្រូវបានគេវាយប្រហារនៅច្រកសមុទ្រ Hormuz ពិតមែន ដោយត្រូវបានគេបាញ់ចំនួន ២ ដង ម្តងត្រូវត្រង់កន្ទុយកប៉ាល់ រីឯម្តងទៀតត្រូវចំបន្ទប់គ្រឿងម៉ាស៊ីន ដែលបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ។
តាមព័ត៌មានបានឱ្យដឹងថា កងទ័ពជើងទឹកថៃនៅប៉ារ៉ែន កំពុងតែប្រើប្រាស់ទំនាក់ទំនងរបស់ខ្លួន ចុះទៅជួយសង្រ្គោះមនុស្សនៅលើកប៉ាល់។ ក្នុងនោះ មានមនុស្សចំនួន ២៣ នាក់ ត្រូវបានគេជួយសង្រ្គោះ ហើយ ៣ នាក់ទៀតកំពុងតែជាប់នៅលើកប៉ាល់នៅឡើយ។
ដោយឡែក មិនមានព័ត៌មានរាយការណ៍ពីការស្លាប់នោះទេ ហើយបច្ចុប្បន្នមនុស្សទាំង ២៣ នាក់ កំពុងតែត្រូវគេត្រួតពិនិត្យមើលថាតើបានរងរបួសដែរឬទេ។ សម្រាប់មូលហេតុនៃការបាញ់ប្រហារលើកប៉ាល់នេះវិញ ក៏កំពុងតែស្ថិតក្រោមការត្រួតពិនិត្យ និងកំណត់រកមុខថានរណាជាអ្នកបាញ់ផងដែរ៕

You might also like