ឃាត់បុរសម្នាក់ ក្រៅពីរត់ផាស់អាប់គឺមានជំនាញមួយទៀតខាងលួចកាត់ខ្សែភ្លើងតាមបង្គោលភ្លើងបំភ្លឺផ្លូវ នៅផ្លូវក្រវ៉ាត់ក្រុង

ខេត្តកណ្តាល÷ជនសង្ស័យម្នាក់ក្រៅពីរត់ផាស់អាប់គឺមានជំនាញមួយទៀតខាងបំផ្លិចបំផ្លាញសម្បត្តិរដ្ឋ លួចកាត់ខ្សែភ្លើងតាមបង្គោលភ្លើងបំភ្លឺផ្លូវ នៅ ផ្លូវក្រវ៉ាត់ក្រុងទី៣ ត្រូវបាននគរបាលក្រុងតាខ្មៅ ឃាត់ខ្លួន ។

ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី៣ខែមេសាឆ្នាំ២០២៦ កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះអន្លង់ចិន នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានធ្វើការល្បាត ប្រទះឃើញកង់បីឥណ្ឌា១គ្រឿង បើកបរក្រឡឹងទៅមក លើផ្លូវក្រវ៉ាត់ក្រុងទី៣ ចំណុចភូមិស្វាយពុំត្រង់ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល មានការសង្ស័យ បានឃាត់ឆែកក៏ប្រទះឃើញ កំណាត់ខ្សែភ្លើងចំនួន០៣កំណាត់តូចៗ,កន្ត្រៃពណ៌ក្រហមរុំស្កុតពណ៌ ខ្មៅ១, ដង្កាប់ចំនួន០២ , ដែកសំប៉ែត្រដងជ័រចំនួន០១, ដែកថ្នាំងអំពៅ ប្រវែង១ម៉ែត្រ១ដើម,និងកូនសោរមួយ ចំនួននៅក្នុងម៉ូតូកង់បីឥណ្ឌារបស់ជនសង្ស័យ ហើយបង្គោលភ្លើងបំភ្លឺតាមដងផ្លូវក៏មានការបាត់បង់ខ្សែភ្លើង។
បន្ទាប់ពីសាកសួររួច ទើបឈានដល់ការឃាត់ខ្លួនជន សង្ស័យ១នាក់ពាក់ព័ន្ធករណីប៉ុនប៉ងលួច(ទ្រព្យសម្បត្តិ) និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន។ ជនសង្ស័យឈ្មោះ សុខ សុភាព ហៅខួច ភេទប្រុសអាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតានូសង្កាត់ចាក់ អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបររត់កង់បី ។
ជនសង្ស័យបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាលដើម្បីបន្តរនីតិវិធីច្បាប់៕

You might also like