អភិបាលខេត្តប៉ៃលិន ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិ
ប៉ៃលិន៖ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះសំណេះសំណាលសួរ សុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់ ចំនួន ៨៧គ្រួសារ នៅឃុំស្ទឹងត្រង់ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍នាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលសម្តេចតែងតែយកចិត្តទុកដាក់ គិតគូរចំពោះសុខទុក្ខ ប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការ នយោបាយណាមួយឡើយ ព្រមទាំងបានសំដែងនូវការសោកស្ដាយចំពោះការខូចខាតបាត់បង់ផ្ទះសំបែងទ្រព្យសម្បត្តិដោយគ្រោះមហន្តរាយ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ រងគ្រោះសូមកុំឱ្យ មានការ អស់សង្ឃឹម ត្រូវខិតខំប្រឹងប្រែង ប្រកបមុខរបររកស៊ីដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារទៅថ្ងៃខាងមុខបន្តទៀត។
លោកជំទាវ បានមានប្រសាសន៍លើកឡើងថា គ្រោះថ្នាក់ធម្មជាតិគឺតែងតែកើតមានឡើងជាយថាហេតុជាក់ស្តែងកាលពីរសៀល ថ្ងៃទី២០ ខែមេសាឆ្នាំ២០២៦ មានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់បានបណ្តាលឱ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ រលំផ្ទះទាំងស្រុង ចំនួន ១២ខ្នង (ស្មើនឹង ១២គ្រួសារ) របើកដំបូលផ្ទះ ចំនួន ៧៥ខ្នង (ស្មើនឹង ៧៥គ្រួសារ) នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតមនុស្ស និងសត្វ នោះទេដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ហើយបើមានបញ្ហាអ្វីកើតឡើងនៅក្នុងមូលដ្ឋានរបស់បងប្អូនរស់នៅសូមប្រញ៉ាប់ រាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុតឱ្យបានលឿនដើម្បីក្រុមការងារចុះទៅជួយអន្តរាគមន៍ និងផ្តល់ អំណោយសង្គ្រោះបន្ទាន់បានទាន់ពេលវេលាក្នុងការចូលរួមសម្រាលការខ្វះខាតនានាជាបណ្តោះអាសន្ន។
នៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ មានប្រសាសន៍ក្រើនរំលឹកដល់បងប្អូន ប្រជាពលរដ្ឋយើងទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន និងសេចក្តីសុខក្រុមគ្រួសារទាំងមូល ដែលងាយ បង្កការគ្រោះថ្នាក់កើតឡើង និងសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋ កុំឱ្យមានការអស់សង្ឃឹមត្រូវខិតខំប្រឹងប្រែង ប្រកបមុខ របររកស៊ី ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារទៅថ្ងៃខាងមុខបន្តទៀត ហើយបើទោះបីជាអំណោយទាំងនេះ វាមិនអាចដោះស្រាយ ក្នុងជីវភាពរបស់ពួកគាត់ បានយូរអង្វែងក្តី តែក៏អាចដោះស្រាយបានមួយរយៈផងដែរ ជាពិសេសត្រូវយកចិត្តទុកដាក់ថែទាំសុខភាព និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិនានា៕






