ក្រសួងសាធារណការ ៖ គិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចការសាងសង់បាន៦៨ភាគរយហើយ
តាមរយៈបណ្ដាញសង្គមផ្លូវការនាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលមានប្រវែងសរុប ១ ៦៥០ម៉ែត្រ ក្នុងនោះប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ ទទឹងផ្លូវ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ ទទឹងធម្មតាផ្លូវ ២០ម៉ែត្រ សម្រេចការសាងសង់បាន ៦៨ភាគរយ ដែលលឿនជាងផែនការ៦ភាគរយ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បន្តថា វឌ្ឍនភាពគម្រោងសម្រេចបានរួមមាន ផ្នែកគ្រឹះស្ពាន សម្រេចបាន១០០ភាគរយ ផ្នែករចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន៨៩ភាគរយ រចនាសម្ព័ន្ធលើស្ពានសម្រេចបាន២៨ភាគរយ ធ្នឹមTចាក់១៨០ដើម សម្រេចបាន ១៣២ដើម ធ្នឹមT ចាក់នៅកន្លែង១៨០ដើម សម្រេចបាន១៥៦ដើម បណ្តាញផ្លូវសម្រេចបាន ៤៤.៤ភាគរយ តភ្ជាប់សម្រេចបាន ៥០ភាគរយ ផ្លូវបង្វែរទិស(Ram) សម្រេចបាន ៤២ភាគរយ ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា គម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៧ ខាងមុខ។ ជាមួយគ្នានេះនៅពេលសាងសង់រួច គម្រោងនេះនេះនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្ស ឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ។
គួររំឭកថា គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា ត្រូវបានសម្ពោធបើកការដ្ឋានកាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៕






