អ្នកជួលឡានម្នាក់ទៀត ស្នើស្ថាប័នច្បាប់ និងសមត្ថកិច្ចពន្លឿននីតិវិធី ដើម្បីអាចទទួលឡានមកប្រកបអាជីវកម្មវិញ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសបង្ខាំងខុសច្បាប់នៅខេត្តប៉ៃលិន
(ប៉ៃលិន)៖ អ្នករកស៉ីជួលឡានម្នាក់ទៀត បានស្នើស្ថាប័នច្បាប់ និងអាវុធហត្ថខេត្តប៉ៃលិន ពន្លឿននីតិវិធី ដើម្បីខ្លួនអាចសុំយកឡានត្រឡប់មកធ្វើអាជីវកម្មវិញ បន្ទាប់ពីសមត្ថកិច្ចបង្ក្រាបបទល្មើសបង្ខាំងខុសច្បាប់ កាលពីពេលកន្លងទៅ។
ម្ចាស់ឡានរូបនេះ បានអះអាងថា ឡានរបស់ខ្លួនបានជួលឲ្យជនជាតិចិនប្រើប្រាស់ដោយមានឯកសារ និងលិខិតជួលត្រឹមត្រូវ ប៉ុន្ដែនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦កន្លងទៅ កម្លាំងអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណីបង្ខាំង មនុស្សខុសច្បាប់ ហើយឡានរបស់ខ្លួននោះក៏នៅក្នុងផ្ទះដែលសមត្ថកិច្ចបង្ក្រាប។
ម្ចាស់ឡានរូបនេះ បានអះអាងថា មកទល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ សមត្ថកិច្ចអាវុធហត្ថ មិនទាន់អាចប្រគល់រថយន្ដនោះត្រឡប់មកខ្លួនវិញបានទេ ពោលត្រូវរង់ចាំការសម្រេចពីតំណាងអយ្យការអមសាលាដំបូង ខេត្តប៉ៃលិន។
សូមរំលឹកថា ទាក់ទិនករណីប្រជាពលរដ្ឋជួលឡានឲ្យជនបរទេស ហើយត្រូវបានសមត្ថកិច្ចបង្ក្រាបពាក់ព័ន្ធបទល្មើស Online Scams ត្រូវបានលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ណែនាំឲ្យសមត្ថកិច្ចរៀបចំបែបបទប្រគល់ឡាននោះទៅឲ្យម្ចាស់វិញ ប្រសិនបើមានឯកសារបញ្ជាក់ត្រឹមត្រូវតាមផ្លូវច្បាប់ និងមានលិខិតជួលច្បាស់លាស់។
នេះបើតាមការឲ្យដឹងពីលោក រ៉េន រតនៈ អ្នកនាំពាក្យលោកអភិសន្ដិបណ្ឌិត ស សុខា នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។ ការណែនាំរបស់ឧបនាយករដ្ឋមន្ដ្រី ស សុខា បានធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារបង្ក្រាប Online Scams នៅថ្ងៃទី៤ ខែឧសភាម្សិលមិញ។
ឧបនាយករដ្ឋមន្ដ្រី ស សុខា បានសង្កត់ធ្ងន់ថា នៅពេលប្រគល់រថយន្ដជូនម្ចាស់វិញ សមត្ថកិច្ចទាំងអស់ មិនត្រូវធ្វើការគាបសង្កត់ទាមទារលុយកាក់ជាថ្នូរនឹងការបំពេញបែបបទពីប្រជាពលរដ្ឋជាដាច់ខាត៕






