ឯកឧត្តម គន់ គីម អញ្ជើញសម្ពោធទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះវិហារ

ព្រះវិហារ៖ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរ ខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះវិហារ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា កសាងតាមរយៈ ឯកឧត្តម គីម រិទ្ធី ប្រធាន អ.ន.ក.ខេត្ត ស្ថិតក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត និងខេត្តព្រះវិហារ និងជាប្រធាន អ.ន.ក.ខេត្ត, ថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមខេត្ត, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធ និងបងប្អូនអតីតយុទ្ធជន និងនិវត្តជនសរុបចំនួន ៣៥០នាក់ ។
ក្នុងរបាយការណ៍ស្វាគមន៍របស់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្ត បានឲ្យដឹងថា ក្នុងនាមប្រធាន អ.ន.ក.ខេត្ត នឹងរៀបចំឲ្យមានការក្រុមការងារប្រចាំការ ដើម្បីបែងចែកតួនាទី និងភារកិច្ចរបស់មន្រ្តី ក្នុងការបម្រើសេវាលើតម្រូវការជូនសមាជិកទាំងអស់ជាអតីតយុទ្ធជន និងនិវត្តជន។
នាឱកាសនេះ ឯកឧត្តម គន់ គីម ថ្លែងថា ការសាងសង់ទីស្នាក់ការសមាគមធ្វើឡើង ក្នុងគោលបំណងជួយសម្របសម្រួល និងផ្តល់សេវា ព្រមទាំងដោះស្រាយបញ្ហាប្រឈមទាំងឡាយជាប្រយោជន៍ជូនអតីតយុទ្ធជន និងនិវត្តជនឱ្យបានទាន់ពេលវេលា។
ឯកឧត្តម ថ្លែងទៀតថា សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានទី១ សមាគម តែងតែណែនាំដល់ថ្នាក់ដឹកនាំសមាគមតាមបណ្តារាជធានី-ខេត្តទាំងអស់ ត្រូវចុះពិនិត្យឲ្យបានជាប់ជាប្រចាំជាមួយអតីតយុទ្ធជន និងនិវត្តជនក្នុងមូលដ្ឋានរស់នៅរបស់ខ្លួន ដើម្បីធានាពីជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាសុខុមាលភាព សំដៅជួយលើកស្ទួយជីវភាពពួកគាត់ឲ្យទទួលបាននូវអត្ថប្រយោជន៍ជាច្រើន និងជីវភាពរស់នៅកាន់តែល្អប្រសើរឡើង៕

You might also like