ឯកឧត្តម ហ៊ុន ជា រិះគន់ធ្ងន់ៗលើមន្ត្រីច្រកអូររំដួល រឿងបណ្តែតបណ្តោយឱ្យមានការនាំចូលធុរេនគេចពន្ធ

បាត់ដំបង៖ ឯកឧត្តម ហ៊ុន ជា កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ បានបង្ហោះសារយ៉ាងក្តៅគគុកលើបណ្តាញសង្គមផ្លូវការរបស់ឯកឧត្តម ដោយស្នើឱ្យមានការចាត់វិធានការច្បាប់តឹងរ៉ឹង រហូតដល់ការដកតំណែង និងដាក់ពន្ធនាគារ ចំពោះមន្ត្រីបង្គោលចំនួន ៤រូប នៅច្រកទ្វារតំបន់អូររំដួល (ច្រកកាប៊ីន)។
​ការរិះគន់ចំៗនេះ កើតឡើងក្រោយពេលផ្ទុះករណីនាំចូល “ធុរេនគេចពន្ធ” ខុសច្បាប់ពីប្រទេសថៃ ប៉ុន្តែពុំមានមន្ត្រីជំនាញណាម្នាក់ចេញមុខទទួលខុសត្រូវ។ មន្ត្រីដែលរងការរិះគន់រួមមាន៖ ប្រធានស្នាក់ការច្រកទ្វារតំបន់អូររំដួល, មេប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់អូររំដួល, ប្រធានសាខា ក.ប.ប. ខេត្តបាត់ដំបង និងប្រធានការិយាល័យគយ និងរដ្ឋាករអូររំដួល។

​ឯកឧត្តមបានបញ្ជាក់ក្នុងន័យដើមថា «វាមិនដែលមិនដឹងគេនាំចូលទេ..មុខអស់លោកប៉ុន្មាននាក់នេះ. មុខលុយក្បត់ជាតិនិងប្រជាពលរដ្ឋ ដកចោលយកដាក់គុក»។ សារនេះបានបង្ហាញពីការមិនអត់ឱនចំពោះអំពើពុករលួយ ដែលធ្វើឱ្យប៉ះពាល់ដល់ចំណូលរដ្ឋ និងជីវភាពកសិករក្នុងស្រុក។

យ៉ាងណា ​សាធារណជនកំពុងរង់ចាំមើលចំណាត់ការបន្តពីក្រសួងស្ថាប័នពាក់ព័ន្ធ ជុំវិញករណីអសកម្មភាពការងារនៅតំបន់ព្រំដែននេះ៕

You might also like