ក្រុមមគ្រូពេទ្យស្ម័គ្រចិត្តបារាំង និងក្រុមគ្រូពេទ្យខ្មែរ ចុះទៅពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋភៀសសឹក ដោយឥតគិតថ្លៃ ក្នុងឃុំស្លក្រាម
(AKP) ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង Advance European Medicare Center AEMC French Doctors របស់ប្រទេសបារាំង និងក្រុមគ្រូពេទ្យខ្មែរ អញ្ជើញចុះទៅពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋភៀសសឹក ដោយឥតគិតថ្លៃ ដែលកំពុងស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន (ផ្ទះអតីតយុទ្ធជន) ក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ជិត ៣ ០០០គ្រួសារ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦នេះ
ក្នុងឱកាសនោះ ក៏មានវត្តមានលោក ឃ្លោក នួយ អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុរាត្រី អភិបាលខេត្ត និងលោកស្រី ទេព មូណា រួមជាមួយក្រុមគ្រូពេទ្យស័្មគ្រចិត្តឱសថស្ថាន ដឺឡាហ្គារ ផងដែរ។
ក្រុមហ៊ុនដែលបានជួយឧបត្ថម្ភក្នុងការចុះទៅពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃក្នុងឱកាសនោះរួមមាន AEMC ឱសថស្ថាន ដឺឡាហ្គារ និងHamariya។
គិតត្រឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះ មានជនភៀសសឹកជាង ៣២ ០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញនៅឡើយ និងកំពុងស្នាក់នៅតាមជម្រកបណ្តោះអាសន្នដែលរាជរាជរដ្ឋាភិបាល បានរៀបចំជូន បន្ទាប់ពីទាហានឈ្លានពានថៃបានរំលោភបំពានតាមរយៈការរាយបន្លាលួស ដាក់ទូកុងតឺន័របិទផ្លូវចេញចូលផ្នែកខ្លះនៃភូមិរបស់ពួកគាត់ និងបំផ្លិចបំផ្លាញផ្ទះសម្បែង បន្ទាប់ពីបទឈប់បាញ់ចូលជាធរមានកាលពីខែធ្នូ ឆ្នាំ២០២៥កន្លងទៅ។






