BREAKING NEWS| រដ្ឋសភាកម្ពុជា បានសម្រេចអនុម័តច្បាប់ស្តីពី «កាតព្វកិច្ចយោធា»ហើយ ដោយសំឡេងគាំទ្រ១១៤ លើ១១៤ សំឡេង

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ បានសម្រេចអនុម័ត ច្បាប់ស្តីពី«កតព្វកិច្ចយោធា»ហើយដោយសំឡេងគាំទ្រ១១៤លើ១១៤ នៃសមាជិករដ្ឋសភាដែលបានចូលរួម ខណៈច្បាប់នេះតម្រូវឲ្យបុរសសញ្ជាតិខ្មែរអាយុចាប់ពី១៨ ដល់២៥ ឆ្នាំត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ខែពោលគឺរយៈពេល២ឆ្នាំ ហើយបុគ្គលដែលគេចវេសពីកាតព្វកិច្ច អាចប្រឈមនឹងការផាកពិន័យ និងផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ដល់ ៥ ឆ្នាំ លើកលែងតែចំពោះភិក្ខុសង្ឃ បព្វជិតសាសនា អ្នកមានពិការភាព និងអ្នកជំនាញជាន់ខ្ពស់ដែលកំពុងបំពេញបេសកកម្មសំខាន់ៗជូនជាតិប៉ុណ្ណោះ។

សូមបញ្ជាក់ថាបើយោងតាមមាត្រា១៣ នៃច្បាប់នេះ ត្រូវចាត់ទុកថាគេចវេសពីកាតព្វកិច្ចយោធា រួមមានជាអាទិ៍ រឹងរូស រត់ទៅនៅបរទេស ដើម្បីអោយផុតពីកាតព្វកិច្ចយោធា លើកលែងតែមានមូលហេតុត្រឹមត្រូវ ដែលជននោះពុំអាចមកបង្ហាញខ្លួនបានតាមការកំណត់។ ជនដែលគេចវេសក្នុងពេលប្រទេសមានសន្តិភាព ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី៦ខែ ទៅឆ្នាំ២ បើក្នុងករណីប្រទេសមានសង្គ្រាម ឬ រងការឈ្លានពានពីបរទេស ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ ៥ឆ្នាំ។

ការសម្រេចអនុម័តជាឯកឆន្ទនូវច្បាប់ស្តីពីកតព្វកិច្ចយោធានេះ គឺបានធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ ដែលបានប្រព្រឹត្តទៅក្រោម អធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជណាចក្រកម្ពុជា សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជារួមទាំងសមាជិក សមាជិកានៃរដ្ឋសភា។

សូមបញ្ជាក់ថាច្បាប់«ស្តីពីកតព្វកិច្ចយោធា»នេះមាន៨ជំពូក និង២០មាត្រាច្បាប់នេះ កំណត់អំពីវិធាននៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិនិងការពារជាតិមាតុភូមិ ដែលជាកតព្វកិច្ចចាំបាច់និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃប្រភពសាងសង់កម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះបណ្តាលស្មារតីស្នេហាជាតិ ការអប់រំគំនិត និងវិន័យ ដែលជាតម្រូវការរបស់ប្រទេសជាតិជាដើម។

ច្បាប់ស្តីពីកតព្វកិច្ចយោធានេះ មានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបដោយមានអាយុចាប់ពី១៨ ដល់២៥ឆ្នាំ ដែលនឹងត្រូវបំពេញកតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់នេះ។ ដោយឡែក ការបំពេញកតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋជាស្រ្តីវិញ ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្តតែប៉ុណ្ណោះ៕

You might also like