ការដកកងទ័ពអាមេរិក ចេញពីអឺរ៉ុបមិនធ្វើឲ្យប៉ះពាល់ដល់វិស័យការពារជាតិរបស់ NATO ទេ
មេបញ្ជាការជាន់ខ្ពស់របស់សម្ព័ន្ធយោធាNATO បាននិយាយកាលពីថ្ងៃអង្គារ ទី១៩ ខែឧសភា ថា ការសម្រេចចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ក្នុងការដកកងទ័ពចំនួន ៥.០០០នាក់ ចេញពីប្រទេសអាល្លឺម៉ង់ មិនធ្វើឱ្យប៉ះពាល់ដល់វិស័យការពារជាតិរបស់សម្ព័ន្ធយោធានេះទេ និងបានព្រមានថាការដាក់ពង្រាយកងទ័ពឡើងវិញបន្ថែមទៀត នឹងត្រូវបានរំពឹងទុក។
ឧត្តមសេនីយ៍អាមេរិក លោក Alexus Grynkewich មេបញ្ជាការសម្ព័ន្ធយោធា NATOប្រចាំទ្វីបអឺរ៉ុប បានប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំសូមបញ្ជាក់ថា ការសម្រេចចិត្តនេះមិនធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពអនុវត្តផែនការតំបន់របស់យើងទេ»។
លោកបាននិយាយបន្ថែមថា «ខណៈសម្ព័ន្ធមិត្ត កំពុងកសាងសមត្ថភាពរបស់ខ្លួន សហរដ្ឋអាមេរិក អាចដកសមត្ថភាពត្រឡប់ទៅវិញ ហើយប្រើប្រាស់សមត្ថភាពនេះសម្រាប់អាទិភាពសកលផ្សេងទៀត»។ ចំណាត់ការភ្លាមៗពីទីក្រុងវ៉ាស៊ីនតោន បានធ្វើឡើងបន្ទាប់ពីភាពចម្រូងចម្រាស់ដោយពាក្យសម្តីរវាងលោក Trump និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ជុំវិញសង្គ្រាមនៅអ៊ីរ៉ង់។
ប៉ុន្តែរដ្ឋបាលលោក Trump បានប្រាប់ប្រទេសអឺរ៉ុបជាយូរមកហើយថា សហរដ្ឋអាមេរិក កំពុងស្វែងរកការដកកងកម្លាំងចេញ ខណៈខ្លួនផ្តោតលើការគំរាមកំហែងផ្សេងទៀតនៅជុំវិញពិភពលោក។ លោក Grynkewich និយាយថា «យើង រំពឹងថានឹងមានការដាក់ពង្រាយកងកម្លាំងអាមេរិកជាថ្មី នៅវេលាណាមួយ ខណៈសម្ព័ន្ធមិត្តកំពុងកសាងសមត្ថភាពរបស់ខ្លួន»។
ប្រធានាធិបតីសហរដ្ឋអាមេរិក បានរិះគន់អឺរ៉ុប ជុំវិញការឆ្លើយតបរបស់ប្រទេសក្នុងប្លុកនេះចំពោះសង្គ្រាមរបស់លោកជាមួយអ៊ីរ៉ង់ ហើយបានគំរាមដដែលៗថា លោកអាចពិចារណាចាកចេញពីសម្ព័ន្ធយោធាណាតូ។






