នគរបាលស្រុកអង្គស្នួលបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ២នាក់ ដល់ក្នុងបន្ទប់ជួល

ខេត្តកណ្តាល៖ ជនសង្ស័យ ២នាក់ ដែលសហការគ្នាជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនបានដល់ក្នុងបន្ទប់ជួល រួមទាំងដកហូតបានថ្នាំញៀនម៉ាទឹកកកមួយចំនួន។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពី ថ្ងៃទី១៩ ឧសភា ២០២៦ ស្ថិតនៅក្នុងបន្ទប់ជួលមួយកន្លែងក្នុងភូមិទន្លាប់ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ រួមមានទី១ ឈ្មោះ ភិន ភ័ក្រ (ប្រុស, អាយុ៣៧ឆ្នាំ) មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទន្លាប់ ឃុំព្រៃពួច (ធ្លាប់ធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀនប្រហែល ២ខែ) និងទី២ ឈ្មោះ ឆុន ពន្លឺ (ប្រុស, អាយុ២២ឆ្នាំ) មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល (ធ្លាប់ធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់ប្រហែល ៦ខែ)។ ជនសង្ស័យទាំង ២នាក់ មានសារធាតុញៀនក្នុងទឹកនោមវិជ្ជមានដូចគ្នា។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ៣កញ្ចប់តូច ទម្ងន់ ០,១១ក្រាម ទូរស័ព្ទដៃ ២គ្រឿង (ម៉ាក OPPO ពណ៌ស និង iPhone 6 ពណ៌ខ្មៅ) ព្រមទាំងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
លោកអធិការបានបន្តថា នៅមុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃពួច ទទួលបានប្រភពព័ត៌មានពីប្រជាពលរដ្ឋល្អថា មានមុខសញ្ញាកំពុងប្រព្រឹត្តបទល្មើសគ្រឿងញៀននៅចំណុចបន្ទប់ជួលខាងលើ។ ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍បានចុះទៅធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងឈានទៅដល់ការបង្ក្រាប ឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ រួមទាំងវត្ថុតាងខាងលើ យកមកសាកសួរបន្តនៅអធិការដ្ឋាននគរបាលស្រុក។
លោកអធិការបានបញ្ជាក់ទៀតថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀនម៉ាទឹកកកទាំង ៣កញ្ចប់តូចនេះ គឺជារបស់ពួកខ្លួនពិតប្រាកដមែន ដោយបានសុំពីអ្នកធ្លាប់ស្គាល់គ្នាម្នាក់ (មិនស្គាល់ឈ្មោះ) យកមករំលែកលក់បន្តក្នុងតម្លៃ ១៧.០០០រៀល ក្នុងមួយកញ្ចប់ និងទុកសម្រាប់ប្រើប្រាស់ជារួមគ្នា។ ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

You might also like