បុរសម្នាក់ ជាប់ដីកាចាប់ខ្លួនចំនួន៣ពាក់ព័ន្ធបទលួច និងគ្រឿងញៀន ធ្លាក់ចូលអន្ទាក់នគរបាលស្រុកកោះធំ

ខេត្តកណ្តាល៖ បុរសម្នាក់ដែលមានជាប់ដីកាបង្គាប់ឲ្យចាប់ខ្លួនចំនួន៣របស់សាលាដំបូងខេត្តកណ្ដាល ពាក់ព័ន្ធនឹងករណីអំពើលួច និងរក្សាទុកប្រើប្រាស់គ្រឿង ញៀន ធ្លាក់ចូលអន្ទាក់កម្លាំងនគរបាលស្រុកកោះធំ។ ប្រតិបត្តិការអនុវត្តដីកានេះបានធ្វើឡើងកាលពីម៉ោង ១៧ និង៣០នាទី ថ្ងៃទី១៩ ឧសភា ២០២៦ ស្ថិតនៅចំណុចភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ បានឲ្យដឹងថា ជនជាប់ចោទដែលកម្លាំងជំនាញចាប់ខ្លួនមានឈ្មោះ ប៊ន វណ្ណឌី ហៅតឿ (ប្រុស, ៣២ ឆ្នាំ) មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នក្នុងភូមិកំពង់ស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ និងមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន។
លោកអធិការបានបន្តថា ការចាប់ខ្លួននេះគឺអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនចំនួន៣ផ្សេងគ្នាដែលរួមមានទី១ ដីកាលេខ១២៨៤ ចខ/ខ ចុះកាលពីថ្ងៃទី២៣ តុលា ២០២៤ ចេញដោយលោក នូ វាសនា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល។ ទី២ ដីកាលេខ២១៥ ចខ/ច ចុះកាលពីថ្ងៃទី៦ មីនា ២០២៥ ចេញដោយលោក សោ សុតា ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តកណ្តាល ពាក់ព័ន្ធនឹងបទល្មើសអំពើលួច ដែលប្រព្រឹត្តនៅភូមិចាមលើ ឃុំព្រែកថ្មី ស្រុកកោះធំ កាលពីថ្ងៃទី២៩ កញ្ញា ២០២៣។ ចំណែកទី៣ ដីកាលេខ៩៨១ ចខ/ខ ចុះកាលពីថ្ងៃទី១៩ សីហា ២០២៤ ចេញដោយលោក នូ វាសនា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល ពាក់ព័ន្ធនឹងបទល្មើសរក្សាទុក និងប្រើ ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តនៅភូមិកំពង់ស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ កាលពីថ្ងៃទី៥ សីហា ២០២៤។
លោកអធិការបានបញ្ជាក់ថា ជនជាប់ចោទខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីរៀបចំកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

You might also like