ថ្មីៗនេះ! បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គម មានទីតាំងសង្ស័យទទួលបញ្ចាំមិនទទួលយកឯកសារ និងទទួលផលចោរកម្ម នៅម្តុំផ្សារឃ្លាំងរំសេវ រួចមក

អនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក និងអាជ្ញាធរខណ្ឌ ចុះត្រួតពិនិត្យទីតាំងទិញ-លក់ម៉ូតូ ក្នុងនោះសមត្ថកិច្ចបានចុះពិនិត្យទីតាំងសង្ស័យបញ្ចាំដោយខុសច្បាប់មួយកន្លែងស្ថិតនៅផ្ទះលេខ៥០B ផ្លូវលេខ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដោយឃើញថាលិខិតអនុញ្ញាតបើកអាជីវកម្មផុតសុពលភាព ទើបសមត្ថកិច្ចផ្អាកអាជីវកម្មជាបណ្តោះអាសន្ន រហូតដល់មានច្បាប់អនុញ្ញាតអាជីវកម្មទើបអនុញ្ញាតឱ្យបើកអាជីវកម្មឡើងវិញ។ ដោយឡែកម៉ូតូដែលដាក់តាំងលក់នៅក្នុងហាង សមត្ថកិច្ចពិនិត្យឃើញថាមានប័ណ្ណសម្គាល់យានយន្តត្រឹមត្រូវ។
ជាមួយគ្នានេះដែរ សមត្ថកិច្ចបានណែនាំអប់រំម្ចាស់ទីតាំងត្រូវមានច្បាប់អនុញ្ញាតបើកអាជីវកម្ម និងហាមមិនឱ្យទទួលបញ្ចាំមិនយកឯកសារពាក់ព័ន្ធច្បាស់លាស់ ឬទទួលបញ្ចាំមិនត្រឹមត្រូវ ដែលជាប្រភពនាំឱ្យមានកើតអំពើចោរកម្ម លួច ឆក់ ប្លន់៕

You might also like