ខ្ចីម៉ូតូពីស្រុកអង្គស្នួល ជិះរត់គេចទៅខេត្តកំពង់ឆ្នាំង សមត្ថកិច្ចចាប់ប្រគល់ឲ្យម្ចាស់ដើមវិញ

ខេត្តកណ្ដាល៖ នគរបាលស្រុកអង្គស្នួលបាននៅឲ្យដឹងនៅថ្ងៃទី២១ខែឧសភានេះថា បុរសម្នាក់បានខ្ចីម៉ូតូគេ ១គ្រឿងតាំងពីថ្ងៃទី១៧ ខែ មេសា ឆ្នាំ២០២៦ នៅវេលាម៉ោង០៨ និង៤០នាទីរហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំទើបសមត្ថកិច្ចខេត្តកំពង់ឆ្នាំង រកឃើញជនសង្ស័យនិងវត្ថុតាងប្រគល់ឲ្យសមត្ថកិច្ចស្រុកអង្គស្នួលបន្តនីតិវិធី។

ទីកន្លែងកើតហេតុ៖ កន្លែងចាក់ប្រេងស្ថិតនៅភូមិគិរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្ដកណ្ដាល។
ជនរងគ្រោះឈ្មោះ ធៀម បញ្ញារិទ្ធ ភេទប្រុស អាយុ២៦ ឆ្នាំ មុខរបរ កម្មករចាក់ប្រេងទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិគិរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ជនសង្ស័យឈ្មោះ ឃឹម ចាន់ធឿន ហៅភាព ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងយោង ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៦។
វត្ថុតាងចាប់យក-ម៉ូតូ១គ្រឿងម៉ាកHonda Beat ពណ៌ ក្រហម ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខកណ្តាល 1 AG-4307 លេខតួ៩០២៥១៤៣ លេខម៉ាសុីន ៩០២៥៤៦០ (ជារបស់ជនរងគ្រោះយកបានមកវិញ)។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ បានជិះឡានមកចាក់ប្រេងនៅ កន្លែងដែលជនរងគ្រោះធ្វើការ។ ក្រោយពីចាក់ប្រេងរួចហើយជនសង្ស័យក៏ទៅខ្ចីម៉ូតូពី ជនរងគ្រោះ ដោយប្រាប់ថាទៅទិញបាយហូបមួយភ្លែត។ បន្ទាប់មកជន សង្ស័យក៏បានជិះម៉ូតូរបស់ជនរងគ្រោះគេចខ្លួនទៅរស់នៅខេត្ដកំពង់ឆ្នាំងបាត់ទៅ។ រហូតដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ជនរងគ្រោះនៅតែមិនឃើញជន សង្ស័យយកម៉ូតូប្រគល់ឲ្យវិញ ទើបសម្រេចចិត្តទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងលើ ដើម្បី ឲ្យសមត្ថកិច្ចស្រាវជ្រាវរកជនសង្ស័យមកអនុវត្តតាមនីតិវិធី។
លុះដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអធិការ ដ្ឋាននគរបាលស្រុករលាប្អៀររ ខេត្តកំពង់ឆ្នាំង បានឃាត់ ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង(ម៉ូតូជនរង គ្រោះ)នៅចំណុចភូមិទ្រនាងពេជ្រ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ បន្ទាប់ពីឃាត់ខ្លួនជន សង្ស័យ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋានស្រុករលាប្អៀរ បានប្រគល់- ទទួលជនសង្ស័យ រួមទាំងវត្ថុតាងមកឲ្យកម្លាំងផ្នែក
ជំនាញ់នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីបន្តតាមនិតិវិធី។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួន ពិតជាបានខ្ចីម៉ូតូរបស់ជនរងគ្រោះហើយមានចេតនាមិនប្រគល់ឲ្យជនរងគ្រោះវិញ។ ចំពោះករណីនេះកម្លាំងផ្នែកជំនាញនិងប៉ុស្ដិ៍កំពុងកសាងសំណុំរឿងបន្ដតាមនិតិវិធី៕

You might also like