កម្ពុជា-សឹង្ហបុរី ប្ដេជ្ញាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងជំរុញចលនាអប់រំយុវជនតាមរយៈវិស័យសាសនា
នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញធ្វើសនវការជាមួយ ឯកឧត្តម ស្ទីវិន ប៉ាងឈីវី (Steven Pang Chee Wee) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរីប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាការងារនិងការប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនរឹងមាំថែមទៀត នៅទីស្តីការក្រសួងធម្មការនិងសាសនា។
នៅក្នុងជំនួបនាឱកាសនេះ ឯកឧត្តម ស្ទីវិន ប៉ាងជីវី (Steven Pang Chee Wee) ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មីនៃសាធារណរដ្ឋសិង្ហបុរីប្រចាំនៅកម្ពុជា បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី អំពីវត្តមានមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាឯកអគ្គរដ្ឋទូត បន្ទាប់ពីឯកឧត្តមឯកអគ្គរដ្ឋទូតបានជូនសារតាំងចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមឯកអគ្គរដ្ឋ បានជម្រាបជូនអំពីគោលបំណងសំខាន់មួយចំនួនរួមមាន៖
១.ជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី អំពី វិស័យសាសនា នៅប្រទេសសឹង្ហបុរី
២.ជម្រាបជូនអំពីគោលការណ៍ច្បាប់ស្តីពីការគ្រប់គ្រងសាសនានៅប្រទេសសឹង្ហបុរី ។
៣.អញ្ជើញឯកឧត្តម រដ្ឋមន្រ្តី ចូលរួមព្រឹត្តិការណ៍ដ៏សំខាន់មួយដែលនឹងប្រារព្ធឡើងនាពេលខាងមុខ។
៤.ឯកឧត្តមបានប្តេជ្ញាចូលរួមចំណែកជាមួយក្រសួងធម្មការនិងសាសនា ក្នុងការអប់រំយុវជនតាមរយៈវិស័យសាសនានៅកម្ពុជា
ក្នុងនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែល្អប្រសើររវាងប្រទេសទាំងពីរលើគ្រប់វិស័យ ពិសេសវិស័យសាសនាផងដែល ក្នុងបេសកកម្មនៃអាណត្តិការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្តែងការគួរសម នាឱកាសនេះ។
ជាឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅ ចំពោះឯកឧត្តម ប៉ាង ឈីវី ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ព្រមទាំងបានបញ្ជាក់ពីការគាំទ្រ និងកិច្ចសហការយ៉ាងពេញលេញ ដើម្បីជួយសម្រួលដល់បេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតឱ្យទទួលបានជោគជ័យ។
ឯកឧត្តម ចាយ បូរិន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏បុិនប្រសព្វនិងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំបន្តពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា គឺរក្សាបានសុខសន្តិភាព ស្ថេរភាព និងមានការអភិវឌ្ឍរីកចម្រើនទាំងវិស័យអាណាចក្រនិងពុទ្ធចក្រគួរឱ្យកត់សម្គាល់ ។ ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមថា ចំពោះបេសកកម្មការទូតរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត លើកទឹកដីនៃព្រះរាជាណាចក្រកម្ពុជានេះ នឹងបានស្វែងយល់ពីសក្តានុពលខេត្តទាំងអស់នៅប្រទេសកម្ពុជា ពិសេសវិស័យសាសនា កសិកម្ម ឧស្សាហកម្មនៅកម្ពុជា ដើម្បីជាទន់ក្នុងការគៀរគរវិនិយោគិនសឹង្ហបុរីមកវិនិយោគនៅកម្ពុជាកាន់តែច្រើននិងប្រកបដោយភាពកក់ក្តៅ ៕






