ឃាត់ជនបរទេស១៨នាក់ នៅ០៣ទីតាំងផ្សេងគ្នា ពាក់ព័ន្ធនឹងបទល្មើស Online Scams និងការស្នាក់នៅដោយខុសច្បាប់
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចុះរដ្ឋបាលឆែកឆេរត្រួតពិនិត្យទីតាំងស្នាក់នៅរបស់ជនបរទេស នៅ០៣កន្លែងផ្សេងគ្នា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយបានឃាត់ជនបរទេស១៨នាក់ ពាក់ព័ន្ធនឹងបទល្មើស Online Scams និងការស្នាក់នៅដោយខុសច្បាប់ នៅខណ្ឌសែនសុខ និងខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការសម្របសម្រួលនីតិវិធីច្បាប់ ដោយតំណាងអយ្យការផងដែរ ។
ទីតាំងទី១ កម្លាំងអាជ្ញាធរចម្រុះ ចុះត្រួតពិនិត្យ នៅសណ្ឋាគារ ហ្គោលដិនផត ស្ថិតនៅភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបានរកឃើញជនជាតិចិន០៧នាក់ (គ្មានលិខិតឆ្លងដែន) ជាប់ពាក់ព័ន្ធបទល្មើស Online Scams ។ ដោយបានដកហូតវត្ថុតាងរួមមាន ៖ កុំព្យូទ័រ All In One ចំនួន ០១គ្រឿង , ទូរស័ព្ទដៃ ចំនួន ០៩គ្រឿង ។
ទីតាំងទី២ នៅចំណុចសណ្ឋាគារ ទូកណូអេ ស្ថិតនៅភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ រកឃើញជនជាតិចិន០៥នាក់ ក្នុងនោះ០៣នាក់ (គ្មានលិខិតឆ្លងដែន) និង០២នាក់ទៀត (ស្នាក់នៅហួសទិដ្ឋាការ) ។
ទីតាំងទី៣ នៅចំណុចខុនដូរ និងអគារពាណិជ្ជកម្មមួយក្នុង ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ រកឃើញជនបរទេស០៦នាក់(ស្រី០១នាក់) ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ។ ដោយដកហូតវត្ថុតាងមាន ៖ ម៉ូនីទ័រ ចំនួន ៣២គ្រឿង , CPU ចំនួន ១៧គ្រឿង , All In One ចំនួន ០១គ្រឿង , ទូរស័ព្ទដៃ ចំនួន ០៣គ្រឿង ។
បច្ចុប្បន្ន ក្រុមជនសង្ស័យទាំងអស់ និងវត្ថុតាងពាក់ព័ន្ធ ត្រូវបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ ៕






