ក្រសួងការងារ បង្ហាញក្តីរន្ធត់យ៉ាងក្រៃលែង និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះករណីចរាចរណ៍២ករណី ដែលបណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់ និងរបួសជាង៣០នាក់ និងអំពាវនាវឱ្យគោរពច្បាប់ចរាចរណ៍
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ មានក្តីរន្ធត់យ៉ាងក្រៃលែងចំពោះគ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់ចំនួន២ករណីដែលបានកើតឡើងព្រមគ្នា ដោយបណ្តាលឱ្យបងប្អូនកម្មករនិយោជិតចំនួន ១៣នាក់បានស្លាប់ និងជាង៣០នាក់បានរងរបួសធ្ងន់ និងស្រាល។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានឱ្យដឹងថា ករណីទី១ កើតឡើងនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំដោយរថយន្តដឹកទំនិញធន់ធំ បានបុករថយន្តដឹកកម្មករតាមបណ្តោយផ្លូវជាតិលេខ៥ ដែលបណ្តាលឱ្យបងប្អូនកម្មករ៨នាក់បានស្លាប់ និង១០នាក់រងរបួសធ្ងន់ ខណៈដែលបងប្អូនផ្សេងៗទៀតមានរបួសស្រាល។
ដោយឡែកករណីទី២ បានកើតឡើងនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលបណ្តាលឱ្យបងប្អូនកម្មករចំនួន៥រូបបានស្លាប់ របួសធ្ងន់៥រូប និងរបួសស្រាល១៦រូប។
លោក ស៊ុន មេសា បញ្ជាក់ថា៖ «ក្រសួង និងឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់មានក្តីរន្ធត់និងក្រៀមក្រំបំផុតចំពោះគ្រោះថ្នាក់ចរាចរណ៍ទាំង២ករណីនេះ។ ភ្លាមៗក្រោយទទួលបានព័ត៌មាន បេឡាជាតិសន្តិសុខសង្គម មន្ទីរការងារ និងអាជ្ញាធរមានសមត្ថកិច្ច ដែលនៅកៀកកន្លែងកើតហេតុ បានខិតខំជួយសង្រ្គោះ និងចាត់ចែងបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យដែលនៅក្បែរ និងកំពុងបញ្ជូនបន្តមកមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យកាលើមែត្រ»។
ជាមួយគ្នានេះ លោក ស៊ុន មេសា ក៏បានអំពាវនាវយ៉ាងទទួចឱ្យមានការគោរច្បាប់ចរាចរណ៍ឱ្យបានហ្មត់ចត់ ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់ដែលធ្លាក់មកលើបងប្អូនកម្មករនិយោជិតរបស់យើង។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រសួង នឹងចុះរៀបចំបុណ្យសព និងធានារាល់ការចំណាយនៃពិធីបុណ្យសពរបស់បងប្អូនកម្មករ។ ក្រៅពីការចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ បងប្អូនដែលជួបគ្រោះថ្នាក់នឹងទទួលបានអត្ថប្រយោជន៍ស្របទៅតាមច្បាប់របស់បេឡាជាតិសន្តិសុខសង្គមដែលជាការគិតគូយ៉ាងយកចិត្តទុកដាក់។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន មេសាដដែល៕






