ប្រតិបត្តិការត្រួតពិនិត្យ និងរកឃើញជនបរទេសជិត៣០នាក់ សង្ស័យពាក់ព័ន្ធសកម្មភាពស្គេមអនឡាញ នៅក្នុងស្រុក កែវសីមា ខេត្តមណ្ឌលគិរី
(ខេត្តមណ្ឌលគិរី):-កាលពីថ្ងៃទី២២,២៣ខែឧសភាឆ្នាំ២០២៦ ក្រោយកម្លាំងជំនាញ និងក្រសួងពាក់ព័ន្ធ ចុះប្រតិបត្តិការត្រួតពិនិត្យ និងរកឃើញជនបរទេសជិត៣០នាក់ ដែលសង្ស័យពាក់ព័ន្ធសកម្មភាពស្គេមអនឡាញ នៅក្នុងស្រុក កែវសីមា ខេត្តមណ្ឌលគិរី បានធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍ និងចោទជាសំណួរជាច្រើនជុំវិញការគ្រប់គ្រងនៅក្នុងមូលដ្ឋាន។
ករណីជនបរទេសជាច្រើននាក់ស្នាក់នៅ និងធ្វើសកម្មភាពក្នុងមូលដ្ឋានមួយរយៈពេល តើអាជ្ញាធរពាក់ព័ន្ធពិតជាមិនបានដឹងមែន ឬយ៉ាងណា? ខណៈមតិមួយចំនួន ក៏បានលើកឡើងពីការសង្ស័យថា អាចមានការធ្វេសប្រហែស ឬការបិទភ្នែកមិនអនុវត្តច្បាប់ពីសំណាក់មន្ត្រីមួយចំនួនផងដែរ។
ករណីនេះ កើតឡើងស្របពេលដែលសម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និង សម្តេចធិបតី ហ៊ុន ម៉ាណែត បានព្រមានយ៉ាងម៉ឺងម៉ាត់ ចំពោះមន្ត្រី ឬអាជ្ញាធរណា ដែលពាក់ព័ន្ធ កាង ឬឃុបឃិតជាមួយបទល្មើសស្គេមអនឡាញ ថានឹងត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ ហើយមិនត្រឹមតែការបញ្ចប់មុខតំណែងប៉ុណ្ណោះទេ ប៉ុន្តែអាចបន្តដល់ការស៊ើបអង្កេតពីអង្គភាពប្រឆាំងអំពើពុករលួយ និងតុលាការផងដែរ។
ប្រភពព័ត៌មានដែលបណ្តាញសារព័ត៌មានទទួលបាន បានឲ្យដឹងថា មន្ត្រីមួយចំនួននៅក្នុងមូលដ្ឋាន កំពុងស្ថិតក្រោមការតាមដាន និងត្រួតពិនិត្យផងដែរ ទាក់ទងនឹងករណីនេះ ។ ទោះជាយ៉ាងណា មកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយពីស្ថាប័នពាក់ព័ន្ធនៅឡើយទេ។
មហាជនកំពុងរង់ចាំមើលថា តើវិធានការបន្ត នឹងត្រូវអនុវត្តយ៉ាងដូចម្តេច ដើម្បីបង្ហាញពីការអនុវត្តច្បាប់ឲ្យមានតម្លាភាព និងប្រសិទ្ធភាព ចំពោះករណីដែលកំពុងទទួលការចាប់អារម្មណ៍នេះ៕






