ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីប្រទះឃើញសពជនបរទេសម្នាក់ ដេកស្លាប់នៅតាមបណ្ដោយផ្លូវបេតុង ដោយមានស្នាមរបួសពេញខ្លួន
ភ្នំពេញ៖ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីប្រទះឃើញសពជនបរទេសម្នាក់ ដេកស្លាប់នៅតាមបណ្ដោយផ្លូវបេតុង ដោយមានស្នាមរបួសពេញខ្លួន ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
នៅមុនពេលកើតហេតុ ពួកគាត់បានធ្វើដំណើរឆ្លងកាត់ទីតាំងនេះ ស្រាប់តែប្រទះឃើញបុរសជនបរទេសម្នាក់ ដេកដួលស្លាប់នៅក្បែរចិញ្ចើមផ្លូវ ដោយមានស្នាមរបួសនៅលើដងខ្លួន និងមានសភាពគួរឲ្យសង្ស័យ ក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យភ្លាមៗ។
ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយកម្លាំងជំនាញ និងក្រុមគ្រូពេទ្យកោសល្យវិច័យ បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវជុំវិញករណីនេះ។
ជំហានដំបូង សមត្ថកិច្ចមិនទាន់បញ្ជាក់អត្តសញ្ញាណជនរងគ្រោះ និងមូលហេតុនៃការស្លាប់នៅឡើយទេ ខណៈកម្លាំងជំនាញកំពុងបន្តបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកការពិត និងកំណត់អត្តសញ្ញាណសព ក៏ដូចជាពាក់ព័ន្ធនឹងករណីនេះ។
សពត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅសាលតម្កល់សព ដើម្បីរង់ចាំការពិនិត្យបន្ថែម និងស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕






