សម្តេចប្រធានរដ្ឋសភា ៖ យើងត្រូវរួមគ្នាពង្រឹងយន្តការត្រួតពិនិត្យរបស់សភា ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តនានាពាក់ព័ន្ធនឹងអាកាសធាតក្លាយជាសកម្មភាពជាក់ស្តែងដោះស្រាយវិបត្តិអាកាសធាតុក្នុងតំបន់
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នា ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យគណៈប្រតិភូសភានៃសមាជិកអាយប៉ា និងវាគ្មិនអន្តរជាតិ ចូលជួបសម្តែងការគួរសម មុនពេលអញ្ជើញចូលរួមពិធីបើកសន្និសីទសភាជាតិស្តីពីអភិបាលកិច្ចអាកាសធាតុ ដែលរៀបចំឡើងដោយរដ្ឋសភាកម្ពុជា ក្រោមកិច្ចសហការជាមួយលេខាធិការដ្ឋានអន្តរសភាអាស៊ាន (AIPA)។
សម្តេចរដ្ឋសភាធិបតី បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់គណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមចែករំលែកទស្សនទានគន្លឹះៗ និងបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការដោះស្រាយវិបត្តិនៃការប្រែប្រួលអាកាសធាតុ ដែលបច្ចុប្បន្នបានក្លាយជាក្តីកង្វល់រួមដ៏ស្រួចស្រាវ មិនត្រឹមតែសម្រាប់កម្ពុជានោះទេ ប៉ុន្តែសម្រាប់តំបន់អាស៊ានទាំងមូល។
សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា អាយប៉ា (AIPA) គឺជាវេទិកាដ៏មានសក្ដានុពល និងជាឆ្អឹងខ្នងនៃកិច្ចសហប្រតិបត្តិការសភារបស់យើង ។ រដ្ឋសភាកម្ពុជា បាននិងកំពុងបន្តបេសកកម្មយ៉ាងសកម្ម ក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នអភិបាលកិច្ច ដៃគូជាតិ និងអន្តរជាតិ ដើម្បីប្រែក្លាយរបៀបវារៈអាកាសធាតុឱ្យទៅជាសកម្មភាពពិត។ ក្នុងនោះ «ការទូតសភា» គឺជាកម្លាំងចលករដ៏សំខាន់ដែលមិនអាចខ្វះបាន។ យើងត្រូវរួមគ្នាពង្រឹងយន្តការត្រួតពិនិត្យរបស់សភាលើរាល់ការប្តេជ្ញាចិត្តនានាពាក់ព័ន្ធនឹងអាកាសធាតុ ដើម្បីធានាថា រាល់ការសម្រេចចិត្ត មិនត្រឹមតែមានភាពស៊ីចង្វាក់គ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យអភិបាលកិច្ចអាកាសធាតុក្នុងតំបន់អាស៊ានទាំងមូល កាន់តែមានសង្គតិភាព ភាពម៉ឺងម៉ាត់ និងស័ក្តិសិទ្ធិភាពខ្ពស់ ក្នុងការឆ្លើយតបទៅនឹងវិបត្តិសកលនេះ។
សម្តេចប្រធានរដ្ឋសភាកម្ពុជា បានធ្វើការអំពាវនាវដល់ស្ថាប័នសភានៃបណ្តាប្រទេសជាសមាជិកអាយប៉ាទាំងអស់ ឱ្យរួមគ្នាពង្រឹងតួនាទីស្នូលរបស់ខ្លួន ក្នុងការប្រែក្លាយការប្តេជ្ញាចិត្តផ្នែកបរិស្ថានឱ្យទៅជា «សកម្មភាពជាក់ស្តែង» ដោយឈរលើគោលការណ៍ «យកប្រជាជនជាស្នូល» និងការកសាងភាពជាដៃគូរវាងរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋ ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុដែលកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់តំបន់អាស៊ីអាគ្នេយ៍។
សម្តេចរដ្ឋសភាធិបតី ក៏បានសង្កត់ធ្ងន់លើទស្សនទានយុទ្ធសាស្ត្រសំខាន់ៗ ដោយគូសបញ្ជាក់ថា សកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុមិនអាចជោគជ័យបានឡើយ ប្រសិនបើគ្មានការរួមគ្នារវាងរដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងយុវជន។ ភាពជាដៃគូដ៏រឹងមាំនេះ គឺជាគន្លឹះក្នុងការប្រែក្លាយច្បាប់ និងគោលនយោបាយនានា ទៅជាការអនុវត្តជាក់ស្តែង ដោយដាច់ខាតត្រូវយកប្រជាជនជាស្នូល ធានាការការពារជីវភាពរស់នៅ គាំទ្រសហគមន៍ងាយរងគ្រោះបំផុត លើកកម្ពស់កំណើនបៃតង និងមិនបោះបង់នរណាម្នាក់ចោលឡើយ។
សម្រាប់ស្ថាប័នសភា ក្នុងនាមជាតំណាងឱ្យប្រជាពលរដ្ឋ សម្តេចបានរំលេចពីមុខងារស្នូលក្នុងការរួមចំណែក តាមរយៈការរៀបចំនិងអនុម័តច្បាប់ស្តីពីអាកាសធាតុប្រកបដោយប្រសិទ្ធភាព ការអនុម័តនិងតម្រង់ទិសកញ្ចប់ថវិកាជាតិឆ្ពោះទៅរកការវិនិយោគបៃតង ការពង្រឹងការត្រួតពិនិត្យ និងការលើកកម្ពស់តម្លាភាពលើការអនុវត្តរបស់រដ្ឋាភិបាល ព្រមទាំងការកសាងទំនុកចិត្ត និងកៀរគរការចូលរួមយ៉ាងទូលំទូលាយពីសាធារណជន។
ឯកឧត្តម Eddy Soeparno តំណាងឱ្យគណៈប្រតិភូ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះទស្សនវិស័យរបស់សម្តេចប្រធានរដ្ឋសភាកម្ពុជា ដោយបានគូសបញ្ជាក់ថា បញ្ហាអាកាសធាតុនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បច្ចុប្បន្ន បានឈានហួសពីពាក្យ «ការប្រែប្រួលអាកាសធាតុ» ហើយវាបានក្លាយជា «វិបត្តិអាកាសធាតុ» ដ៏ស្រួចស្រាវ ដែលទាមទារឱ្យគ្រប់បណ្តាប្រទេសក្នុងតំបន់អាស៊ានទទួលស្គាល់ការពិត និងដាក់ចេញនូវភារកិច្ចពិសេសរៀងៗខ្លួនដើម្បីជម្នះវិបត្តិនេះ។
ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់រដ្ឋសភាកម្ពុជាក្នុងការរៀបចំសន្និសីទនេះ ដែលជាវេទិកាដ៏មានតម្លៃក្នុងការបន្តកិច្ចសន្ទនា និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ទាំងលើការបន្ស៊ាំ និងការកាត់បន្ថយ ឥទ្ធិពលនៃវិបត្តិអាកាសធាតុជាសកលនេះផងដែរ។
ឯកឧត្តម Eddy Soeparno បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋសភាកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចប្រធានរដ្ឋសភា ដែលបានទទួលស្វាគមន៍គណៈប្រតិភូទាំងអស់យ៉ាងកក់ក្តៅ និងរាក់ទាក់បំផុត។ ឯកឧត្តមក៏បានបង្ហាញការកោតសរសើរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ដោយបានកត់សម្គាល់ថា ត្រឹមរយៈពេល ៣លើកចុងក្រោយដែល ឯកឧត្តមមានវត្តមាននៅលើទឹកដីកម្ពុជា បានធ្វើឱ្យឯកឧត្តមមើលឃើញយ៉ាងច្បាស់ពីការរីកចម្រើនឥតឈប់ឈររបស់កម្ពុជាផងដែរ។






