រដ្ឋមន្ត្រីមហាផ្ទៃ ដឹកនាំកិច្ចប្រជុំលើកទី១ នៃគណៈកម្មការជាតិផ្តល់យោបល់លើការដកសញ្ជាតិខ្មែរពីកំណើត
ភ្នំពេញ៖ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ នៃគណៈកម្មការជាតិផ្តល់យោបល់លើការដកសញ្ជាតិខ្មែរពីកំណើត ហៅកាត់ថា គ.ជ.ដ.ខ. នៅទីស្តីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក និងសមាជិកានៃ គ.ជ.ដ.ខ. សរុបប្រមាណ ៣០រូប។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា គ.ជ.ដ.ខ. គឺជាយន្តការដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល ដែលត្រូវបានបង្កើតឡើងដើម្បីពិនិត្យ ស្រាវជ្រាវ វាយតម្លៃ និងផ្តល់យោបល់ជូនរាជរដ្ឋាភិបាលលើការដកសញ្ជាតិខ្មែរពីកំណើត ក្នុងករណីបុគ្គលនោះបានប្រព្រឹត្តល្មើសនឹងច្បាប់ ជាពិសេសដូចមានចែងក្នុងមាត្រា ៤០ នៃអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីសញ្ជាតិ។
ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ បទបញ្ជាផ្ទៃក្នុង សម្រាប់កំណត់ទិសដៅ បែបបទ និងនីតិវិធីនៃការងាររបស់ គ.ជ.ដ.ខ. ឱ្យមានភាពច្បាស់លាស់ ដោយបទបញ្ជានេះ នឹងក្លាយជាត្រីវិស័យដ៏សំខាន់សម្រាប់សមាជិកគ្រប់រូប ក្នុងការអនុវត្តតួនាទីប្រកបដោយវិជ្ជាជីវៈ តម្លាភាព និងការទទួលខុសត្រូវខ្ពស់។
បើតាមប្រមុខក្រសួងមហាផ្ទៃ តាមរយៈការចូលរួមប្រកបដោយស្មារតីឯកភាព សាមគ្គីភាព និងកិច្ចសហការយ៉ាងជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធ យន្តការអនុវត្តការងារនេះ នឹងអាចសម្រេចបានលទ្ធផលល្អប្រសើរ ស្របតាមគោលបំណង និងទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលគ្រប់នីតិកាល តែប្រកាន់ខ្ជាប់ គោលការណ៍នីតិរដ្ឋ ការរក្សាសន្តិសុខជាតិ និងថែរក្សាផលប្រយោជន៍ជាតិជាអតិបរមា ហើយសម្រាប់យន្តការថ្មីនេះទៀត គឺដើម្បីរួមចំណែកធានាបាននូវភាពសុក្រឹត យុត្តិធម៌ និងការគោរពច្បាប់ជាធរមាន ក្នុងដំណើរការនៃការដកសញ្ជាតិខ្មែរពីកំណើត សំដៅលើកកម្ពស់តម្លៃ និងកិត្យានុភាពនៃសញ្ជាតិខ្មែរឱ្យកាន់តែមានភាពរឹងមាំ។
គួរកត់សម្គាល់ថា សមាសភាពនៃគណៈកម្មការជាតិផ្តល់យោបល់លើការដកសញ្ជាតិខ្មែរពីកំណើត(គ.ជ.ដ.ខ) ដែលត្រូវបានរាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចតែងតាំង មាន១៥រូប រួមមាន៖
១.ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន
២.ឯកឧត្តមបណ្ឌិត ស៊ា ម៉ៅ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន
៣.ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធានអចិន្ត្រៃយ៍
៤.លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធាន
៥.ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អនុប្រធាន
៦.ឯកឧត្តម ស៊ា កុសល រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សមាជិក
៧.ឯកឧត្តម នេត មុន្នី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាជិក
៨.ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា សមាជិក
៩.ឯកឧត្តមឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល សមាជិក
១០.ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សមាជិក
១១.ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន សមាជិក
១២.ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
១៣.ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ សមាជិក
១៤. ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ សមាជិក
និង១៥. ឯកឧត្តម ឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ សមាជិក។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ណែនាំយ៉ាងម៉ឺងម៉ាត់ដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកានៃ គ.ជ.ដ.ខ. ក៏ដូចជាបណ្តាអង្គភាពពាក់ព័ន្ធ ត្រូវពន្លឿនការរៀបចំរបាយការណ៍ និងការងារជំនាញឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីត្រៀមលក្ខណៈសម្បត្តិឱ្យបានល្អប្រសើរ សម្រាប់កិច្ចប្រជុំលើកទី២ ដែលនឹងប្រព្រឹត្តទៅក្នុងខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ៕







