Anvar នឹងបង្ហាញខ្លួនលើកដំបូង ក្នុងការប្រកួតប្រដាល់សកលអាជីពប្រចាំឧសភានេះ

កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជា Anvar Nasredinov នឹងត្រូវបង្ហាញខ្លួនលើកដំបូង ក្នុងការប្រកួតប្រដាល់សកលអាជីពប្រចាំខែ Dragon the Golden Ring ដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នាថ្ងៃទី២៩ ខែឧសភាចុងសប្ដាហ៍នេះ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)។
យោងតាមកម្មវិធីប្រកួតរបស់សហព័ន្ធ អ្នកប្រដាល់កូនកាត់អ៊ូបេគីស្ថានរូបនេះ នឹងត្រូវជួបកីឡាករអង់ហ្គោឡា Deizon Sapalo ក្នុងប្រភេទទម្ងន់ ៨៥គីឡូក្រាម ក្នុងនាមគូឯកប្រចាំខែ ក្នុងចំណោមគូមិត្តភាពជាតិ និងអន្ដរជាតិផ្សេងៗ ដែលថ្នាក់ដឹកនាំសហព័ន្ធរំពឹង នឹងទទួលបានការចូលរួមទស្សនាច្រើនពីអ្នកគាំទ្រ។
ជាមួយការឈានជើងចូលសង្វៀនប្រដាល់សកលអាជីពក្នុងស្រុកលើកដំបូងនេះដែរ Anvar បានចាត់ទុកជាការត្រៀមខ្លួនមួយដ៏ល្អ ដើម្បីចូលរួមព្រឹត្តិការណ៍អន្ដរជាតិធំៗនាពេលឆាប់ៗខាងមុខ ដូចជាការប្រកួត World Cup ឆ្នាំ២០២៦ នាខែមិថុនាខាងមុខ នៅប្រទេសចិន ក៏ដូចជាការត្រៀមចូលរួមប្រកួតកីឡាអាស៊ី ឆ្នាំ២០២៦ នៅប្រទេសជប៉ុន នាខែកញ្ញាខាងមុខ។
សម្រាប់កម្មវិធីប្រកួតប្រចាំឧសភានេះដែរ ក្រៅពីគូឯករវាងកីឡាករ Anvar និង Deizon Sapalo ក៏នឹងមានការប្រកួត ៤គូផ្សេងទៀត ពិសេសជំនួបរវាងកីឡាករជម្រើសជាតិ វី សុភ័ស ប៉ះកីឡាករបារាំង Charly Maxime Cluode ព្រមទាំងជំនួបមិត្តភាពជាតិ រវាងកីឡាករ វុទ្ធី ជេមី ជួបកីឡាករ ខ្លឹង វីរៈបុត្រ, ជំនួបរវាងកីឡាករថ្នាល ទេព គន្ធថង ជួបកីឡាករ សីហា និងកីឡាករ ជុន វិធូ ជួបកីឡាករ រំ សារិន ជាដើម។
សូមជម្រាបជូនថា កម្មវិធីកីឡាប្រដាល់សកលប្រចាំខែ Dragon the Golden Ring ត្រូវបានសហព័ន្ធបង្កើតឡើងជារៀងរាល់ចុងខែ ដើម្បីផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនី ពិសេសក្រុមជម្រើសជាតិ បានចូលរួមប្រកួតដុសខាតសមត្ថភាព និងត្រៀមចូលរួមការប្រកួតអន្ដរជាតិនានា៕

You might also like