បង្ក្រាបសកម្មភាពដឹកជញ្ជូនបារីខុសច្បាប់ ឆ្លងដែនជើងទី៥ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ ប្រតិបត្តិការបង្ក្រាបករណីលួចដឹកជញ្ជូនបារីខុសច្បាប់ឆ្លងដែនដ៏ក្តៅគគុកមួយបានកើតឡើងនាល្ងាច ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅត្រង់ចំណុចច្រករបៀង ភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ក្រុមឈ្មួញខិលខូចបានលួចដឹកជញ្ជូនបារីជាច្រើនការ៉ុង ចេញពីស្រុកសំពៅលូន ឆ្ពោះមកកាន់ព្រំដែនស្រុកម៉ាឡៃ ដើម្បីនាំចេញទៅក្រៅប្រទេស(ថៃ)។ នេះគឺជាជើងលើកទី៥ ហើយ ដែលបង្ហាញឱ្យឃើញថា ក្រុមឈ្មួញនៅតែបន្តប្រថុយប្រថានយ៉ាងខ្លាំង។ ពិតជាត្រូវនឹងពាក្យចាស់លោកពោលថា៖ «គុកភ្លេចជុង តែជុងមិនភ្លេចកុកទេ» ព្រោះតែសកម្មភាពល្មើសច្បាប់នេះត្រូវបានសមត្ថកិច្ចតាមដានយ៉ាងយកចិត្តទុកដាក់ជាយូរមកហើយ។
ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចចម្រុះ ដែលដឹកនាំដោយ លោកស្វាយ ជា អភិបាលនៃគណៈអភិបាលស្រុកម៉ាឡៃ សហការជាមួយ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥ និងកម្លាំងយោធាពីកងពលតូចលេខ ៥១ និងលេខ ៥៣ ដោយសារតែខ្លាចកម្លាំងសមត្ថកិច្ច ក្រុមកម្មករដឹកជញ្ជូនបានរត់គេចខ្លួនបន្សល់ទុកម៉ូតូ៦គ្រឿងនិងវត្ថុតាងបារីជាច្រើនការ៉ុង និង ២០ ប៊ិចនៅនឹងកន្លែងជិតមាត់អូរព្រំដែន។
សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ដើម្បីតាមស្វែងរកមេខ្លោងដែលនៅពីក្រោយខ្នងជើងទី៥ នេះមកផ្ដន្ទាទោសតាមច្បាប់។






