ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ច្រានចោលការចោទប្រកាន់របស់ស្ដ្រីម្នាក់ដែលចោទសមត្ថកិច្ច បានបំភិតបំភ័យ និងបង្ខំឲ្យខ្លួនផ្តិតមេដៃលើកំណត់ហេតុ, វិវាទរវាងថៅកែលក់ត្បូង និងអតីតបុគ្គលិក ត្រូវបានដោះស្រាយបញ្ចប់

(ភ្នំពេញ)៖ ស្នងការដ្ឋាននញរបាលរាជធានីភ្នំពេញ បានចេញមកបដិសេធចំពោះស្ដ្រីឈ្មោះ កែវ ចាន់ធីតា ដែលបានផ្សព្វផ្សាយលើ​បណ្ដាញសង្គម ចោទប្រកាន់មន្រ្តីការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញថា បានបំភិតបំភ័យ និងបង្ខំឲ្យផ្តិតមេដៃទាំងម្រាម១០ នៅលើឯកសារកំណត់ហេតុ ពាក់ព័ន្ធបណ្តឹងពីបទ «រំលោភទំនុកចិត្ត»
ចំពោះករណីវិវាទរវាងថៅកែលក់ត្បូង និងស្ត្រីឈ្មោះ កែវ ចាន់ធីតា ជាអតីតបុគ្គលិក ត្រូវបានផ្សះផ្សាគ្នារួចរាល់ហើយ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ទាំងនៅក្រសួងមហាផ្ទៃ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបញ្ចប់វិវាទនៅតុលាការ ហើយគ្រប់បញ្ហាត្រូវបានដោះស្រាយ ខណៈដែលឈ្មោះកែវ ចាន់ធីតា ទទួលស្គាល់កំហុស និងសុំទោសរួចមក ដោយសំអាងថា ខ្លួនមានការភិតភ័យ ទើបបានជានិយាយ​ប្រាប់បណ្ដាញសារព័ត៍មាន មិនមានការពិតនាពេលកន្លងទៅ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែវិច្ឆិ្កកា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានទទួលពាក្យបណ្តឹងមួយច្បាប់ពីឈ្មោះ ហៃ ម៉េងឈាង ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ នគរបាល ដែលបានប្តឹងចោទប្រកាន់ ឈ្មោះ កែវ ចាន់ធីតា ភេទ ស្រី អាយុ ៣៧ ឆ្នាំ ពីបទ «រំលោភលើទំនុកចិត្ត» យកប្រាក់ចំនួន ១,៦៦៦ ដុល្លារអាមេរិក (មួយពាន់ប្រាំមួយរយហុកសិបប្រាំមួយដុល្លារ ) និងបានយកទូរស័ព្ទមួយគ្រឿងម៉ាក Samsung S23 ultra ពណ៌ខ្មៅ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ។
ក្រោយពីបានទទួលពាក្យបណ្តឹង និងការបំភ្លឺរបស់ដើមបណ្តឹង កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ សមត្ថកិច្ចការិយាល័យជំនាញក៏បានកោះហៅឈ្មោះ កែវ ចាន់ធីតា ឲ្យចូលខ្លួនមកឆ្លើយបំភ្លឺលើបណ្តឹង របស់ឈ្មោះ ហៃ ម៉េងឈាង ហើយស្រ្តីឈ្មោះ កែវ ចាន់ធីតា ក៏បានចូលខ្លួនមកឆ្លើយបំភ្លឺកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ០៩៖០០នាទីព្រឹក និងបានទទួលស្គាល់ថា ខ្លួនពិតជាបានកិបកេងយក ប្រាក់ចំនួន ១,៦៦៦ ដុល្លារអាមេរិក (មួយពាន់ប្រាំមួយរយហុកសិបប្រាំមួយដុល្លារ ) និងយកទូរស័ព្ទមួយគ្រឿងម៉ាក Samsung S23 ultra ពណ៌ខ្មៅ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២៥ ដែលបានមកពីការលក់ត្បូងធម្មជាតិ របស់ឈ្មោះ ហៃ ម៉េងឈាង ប្រាកដមែន ដោយយកទៅចាយវាយជាប្រយោជន៍ផ្ទាល់ខ្លួន។
បន្ទាប់ពីមានចម្លើយសារភាព ការិយាល័យជំនាញ ក៏បានហៅភាគីដើមបណ្តឹងឈ្មោះ ហៃ ម៉េងឈាង មកជួបទល់មុខ ជាមួយឈ្មោះ កែវ ចាន់ធីតា ហើយឈ្មោះ កែវ ចាន់ធីតា បានឯកភាពយល់ព្រមសងប្រាក់ចំនួន ១,៦៦៦ ដុល្លាអាមេរិក (មួយពាន់ប្រាំមួយរយហុកសិបប្រាំមួយដុល្លារ ) និងប្រាក់ថ្លៃទូរស័ព្ទខាងលើចំនួន ៤០០ ដុល្លារ អាមេរិក សរុបស្មើនិង ២,០៦៦ ដុល្លារអាមេរិក (ពីរពាន់ហុកសិបប្រាំមួយដុល្លារ) ដោយភាគីទាំងពីរបានធ្វើកិច្ចព្រមព្រៀងសងប្រាក់-ទទួលប្រាក់ និងកិច្ចសន្យាដោយស្ម័គ្រចិត្តគ្មានការបង្ខិតបង្ខំនោះទេ កាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ២០២៥។
បន្ទាប់ពីធ្វើកិច្ចព្រមព្រៀងចប់សព្វគ្រប់ ភាគីទាំងពីរ ក៏ត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។ បែរជាថ្មីៗនេះស្រ្តីឈ្មោះ កែវ ចាន់ធីតា បាននិយាយផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាន តាមបណ្តាញសង្គម ចោទប្រកាន់មកលើសមត្ថកិច្ចថាបានបំភិតបំភ័យ និងបង្ខំខ្លួនឲ្យផ្តិតមេដៃទាំងម្រាម១០ លើកំណត់ហេតុ។
ចំពោះការចោទប្រកាន់នេះ គឺសមត្ថកិច្ចនៃការិយាល័យជំនាញព្រហ្មទណ្ឌ សូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុង ដោយការចោទប្រកាន់នេះមិនផ្អែកលើអង្គហេតុ និងអង្គច្បាប់ ដែលនាំឲ្យសាធារណជនមានការយល់ច្រឡំ និងធ្វើប៉ះពាល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់សមត្ថកិច្ចដែលបានធ្វើការងារតាមជំនាញនិងគោលការណ៍ច្បាប់ត្រឹមត្រូវ។
សូមបញ្ជាក់ថា ខណៈនោះគឺឈ្មោះ កែវ ចាន់ធីតា និងប្តី ឈ្មោះ ទ្រី រិទ្ធី បានយកកំណត់ហេតុ ទៅអានដោយខ្លួនឯងផ្ទាល់ និងឯកភាពផ្តិតមេដៃព្រមទាំងសរសេរឈ្មោះ ដោយខ្លួនឯងផ្ទាល់ផងដែរ ដោយសមត្ថកិច្ចការិយាល័យជំនាញពុំមានហេតុផលណាទៅបង្ខំឲ្យឈ្មោះកែវ ចាន់ធីតា ផ្តិតម្រាមដៃទាំង១០នោះឡើយ។
ចំពោះស្ត្រីរូបនេះ អះអាងថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ ខ្លួននិងភាគីថៅកែ បានចូលដោះស្រាយគ្នានៅក្រសួងមហាផ្ទៃ ហើយអះអាងថា មន្ត្រីនគរបាល និងភាគីស្វាមីរបស់ថៅកែស្រីជានគរបាល បានគម្រាមកំហែងនោះមិនមែនជាការពិតទេ ដ្បិតអ្នកស្រីថាមកពីខ្លួនភិតភ័យពេក ខ្លាចគេប្ដឹងគាត់ហៅចូលតុលាការ ទើបគាត់និយាយពាក់ព័ន្ធទាំងអស់តែម្ដងទៅ ដែលនេះសុទ្ធតែជាការយល់ច្រឡំប៉ុណ្ណោះ។
ស្ត្រីរូបនេះបន្តថា ចំពោះករណីដែលចោទថៅកែខ្លួនថាបានលក់ត្បូងក្លែងក្លាយនោះ មិនមែនជាការពិតទេ ព្រោះដោយសារតែខឹងពេក និងភ័យពេក ទើបខ្លួននិយាយឲ្យមហាជនមានការភ័នច្រឡំ ខណៈដែលគាត់លក់ត្បូងសុទ្ធតែជារបស់ធម្មជាតិពិតប្រាកដ ។
ស្ត្រីកែវ ចាន់ធីតា ក៏បានលើកម្រាមដៃ១០គោរពអរគុណចំពោះទឹកចិត្តថៅកែ ដែលអនុគ្រោះ អធ្យាស្រ័យឲ្យខ្លួនចំពោះកំហុសដ៍ធំធេងនេះ និងក៏សូមអរគុណដល់ថ្នាក់ដឹកក្រសួងមហាផ្ទៃ និងមន្ត្រីនគរបាលពាក់ព័ន្ធទាំងអស់ ដែលបានអនុគ្រោះមិនយកទោសពៃ និងអធ្យាស្រ័យឲ្យខ្លួនផងដែរ៕

You might also like