ថ្ងៃនេះ កាលពីឆ្នាំមុន គឺជាថ្ងៃដែលលោកព្រឹន្ទបាលឯក សួន រ៉ោន ត្រូវបានកងកម្លាំងយោធាថៃបាញ់ប្រហារយ៉ាងព្រៃផ្សៃ ឃោរឃៅ និងអមនុស្សធម៌បំផុត!
ថ្ងៃនេះ កាលពីឆ្នាំមុន គឺជាថ្ងៃដែលលោកព្រឹន្ទបាលឯក សួន រ៉ោន ត្រូវបានកងកម្លាំងយោធាថៃបាញ់ប្រហារយ៉ាងព្រៃផ្សៃ ឃោរឃៅ និងអមនុស្សធម៌បំផុតនៅលើដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា ដែលជាសោកនាដកម្មដ៏ខ្មៅងងឹតមួយក្នុងប្រវត្តិសាស្ត្រ និងជាភស្តុតាងនៃអំពើឈ្លានពានដ៏កម្រោលពីសំណាក់ភាគីថៃមកលើបូរណភាពទឹកដីខ្មែរ។
គ្រាប់កាំភ្លើងដែលបានទម្លុះរាងកាយលោកព្រឹន្ទបាលឯក សួន រ៉ោន មិនត្រឹមតែឆក់យកអាយុជីវិតវីរយុទ្ធជនម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែបានបំបែកបេះដូងកូនខ្មែរគ្រប់រូប និងបន្សល់ទុកនូវស្នាមរបួសដ៏ឈឺចាប់គ្មានអ្វីប្រៀបផ្ទឹមបាន។ ឈាមដែលបានស្រក់លើដីមាតុភូមិ គឺជាសក្ខីភាពជាប្រវត្តិសាស្ត្រនៃការលះបង់ដ៏ឧត្តុង្គឧត្តម និងជាសម្រែកដ៏សែនសោកសង្រេង និងឈឺចាប់ជាទីបំផុតប្រឆាំងនឹងអំពើរំលោភបំពានលើអធិបតេយ្យភាពជាតិ ដែលមិនអាចលុបបំបាត់ចេញពីការចងចាំរបស់ប្រជាជាតិខ្មែរបានជាដាច់ខាត។
វីរភាព និងការប្ដូរផ្ដាច់របស់វីរយុទ្ធជនខ្មែរ ដែលបានពលីជីវិតដើម្បីការពារបូរណភាពទឹកដី គឺជាពន្លឺដាស់ស្មារតីស្នេហាជាតិដ៏អមតៈ ដែលនឹងបន្តដុតបញ្ឆេះឆន្ទៈកូនខ្មែរគ្រប់ជំនាន់ ឱ្យក្រោកឈររួមសាមគ្គីគ្នាការពារអធិបតេយ្យភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ជាតិខ្មែរជារៀងរហូត។
សូមឧទ្ទិសមហាកុសលជូនដល់វិញ្ញាណក្ខន្ធលោក ព្រឹន្ទបាលឯក សួន រ៉ោន និងវីរយុទ្ធជនខ្មែរទាំងអស់ ឱ្យបានចាប់កំណើតសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ គំរូវីរភាពរបស់វីរយុទ្ធជនខ្មែរគ្រប់រូបនឹងចារឹកជាប់នៅក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរជានិរន្តរ៍។






