លោកស្រីបណ្ឌិត អ៊ុក ម៉ាលី ណែនាំដល់សមាជិកបក្ស និងអាជ្ញាធរមូលដ្ឋានស្រុកជើងព្រៃ ក្ដាប់ការងារឱ្យច្បាស់ និងគ្រប់ជ្រុងជ្រោយ ពិសេសការនាំសារពីកាតព្វកិច្ចយោធាជូនប្រជាពលរដ្ឋ

(កំពង់ចាម)៖ លោកស្រីបណ្ឌិត អ៊ុក ម៉ាលី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ២ និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកជើងព្រៃ ខេត្ដកំពង់ចាម បានណែនាំដល់សមាជិកបក្ស ក៏ដូចជាអាជ្ញាធរមូលដ្ឋាននៃស្រុកជើងព្រៃ ត្រូវពង្រឹងសមត្ថភាពការងារឱ្យកាន់តែល្អប្រសើរជាបន្ដបន្ទាប់ ដើម្បីឈានទៅបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានលឿន និងគ្រប់ជ្រុងជ្រោយទៅតាមតម្រូវការជាក់ស្ដែង។
ការថ្លែងយ៉ាងដូច្នេះរបស់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្ស និងក្រុមការងារត្រីមាសទី១ ទិសដៅអនុវត្តត្រីមាសទី២ ឆ្នាំ២០២៦ និងប្រកាសកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១០នៃស្រុកជើងព្រៃ ខេត្តកំពង់ចាម នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។
កិច្ចប្រជុំខាងលើនេះគឺមានការអញ្ជើញដោយផ្ទាល់ពីលោកបណ្ឌិតសភារចារ្យ ម៉ា ឈឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម, អនុប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា, អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ, លោក លន់ លឹមថៃ សមាជិកគណៈកម្មាធិការកណ្តាល តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក និងលោក ជឹម លាវ សមាជិកព្រឹទ្ធសភា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃ ព្រមទាំងមានការចូលរួមសមាជិក សមាជិកាបក្ស និងអាជ្ញាធរមូលដ្ឋាន ប្រមាណជាង២០០នាក់។
លោកស្រីបណ្ឌិត អ៊ុក ម៉ាលី បានថ្លែងបន្ដថា «កន្លងមកក្រុមការងារបក្សរបស់យើង បានបំពេញការងារល្អហើយ តែទោះជាយ៉ាងណាក៏យើងមិនត្រូវបន្ធូរដៃដែរ ព្រោះតម្រូវការរបស់ប្រជាពលរដ្ឋយើង ក៏មានជាហូរហៀរ ដូច្នេះដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋយើងឱ្យបានគ្រប់ជ្រុងជ្រោយ ទាមទារឱ្យយើងទាំងអស់គ្នាត្រូវក្ដាប់ការងារឱ្យបានកាន់តែច្បាស់ ចូលទៅគៀកប្រជាជនកាន់តែច្រើន ស្វែងយល់ពីការបញ្ហាជាក់ស្ដែង និងដោះស្រាយជូនពួកគាត់ឱ្យទាន់ពេលវេលា ប្រកបដោយការយកចិត្ដទុកដាក់ និងភាពកក់ក្ដៅ ពិសេសត្រូវបញ្ជៀបសាររបស់រាជរដ្ឋាភិបាល ជូនដល់ដៃប្រជាជនយើង ឱ្យបានយល់ច្បាស់ ពិសេសពីកាតព្វកិច្ចយោធា»។
លោកស្រីបានសង្កត់ធ្ងន់ថា កាតព្វកិច្ចយោធា ជាកាតព្វកិច្ចចាំបាច់និងជាកិត្តិយស ដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ និង ការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យ ដែលជាតម្រូវការរបស់ប្រទេសជាតិ ដែលទាមទារឱ្យសមាជិក សមាជិការ ត្រូវផ្សព្វផ្សាយបន្ដប្រកបដោយភាពច្បាស់លាស់ និងអស់ចម្ងល់ជូនដល់ប្រជាជនយើង។ លោកស្រីបញ្ជាក់ទៀតថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុ ចាប់ពី១៨ឆ្នាំ ដល់ ២៥ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់នេះ។ ដោយឡែកការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។
ដើម្បីឲ្យដំណើរការងារដែលដាក់ជូនក្រុមការងារអនុវត្តន៍ ឲ្យទទួលបានភាពជោគជ័យ លោកបណ្ឌិតសភារចារ្យ ម៉ា ឈឿន ក៏បានផ្ដល់អនុសាសន៍គន្លឹះខ្លី និងខ្លឹមផងដែរ ដោយក្នុងនោះបង្ហាញពីប្តេជ្ញាចិត្តក្នុងភាពជាអ្នកដឹកនាំ ជូនសមាជិកបក្ស សមាជិការបក្ស។ ចំណែក លោក លន់ លឹមថៃ និងលោក ជឹម លាវ ក៏បានបង្ហាញនូវការងារជាក់ស្តែង ដែលស្របទៅតាមស្ថានភាពបច្ចុប្បន្នភាពបន្ថែមទៀត ដែលសមាជិក សមាជិការបក្ស ពិសេសក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១០នៃស្រុកជើងព្រៃ ត្រូវពង្រឹង និងអនុវត្តបន្ត៕

You might also like