ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបំភ្លឺ ករណីចាប់ក្មេងមានពិត នៅសាលាបឋមសិក្សា ហ៊ុន សែន កោះចិន ខេត្តកណ្តាល

ខេត្តកណ្ដាល÷ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋានការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបពាក់ព័ន្ធគណនីហ្វេឈ្មោះ Kimly FC, Thary Khim បានបង្ហោះផ្សព្វផ្សាយមានខ្លឹមសារថា ករណីចាប់ក្មេងមានពិត នៅសាលាបឋមសិក្សា ហ៊ុន សែន កោះចិន ខេត្តកណ្តាល តែវាចាប់មិនបានទេ ព្រោះក្មេងចេះការពារខ្លួន បងប្អូនប្រយត្ន័កូនចៅផង។
ក្រោយពីទទួលបាមព័ត៌មានខាងលើភ្លាម ដោយ អនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល,លោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ បានបញ្ជាឱ្យកម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលកោះចិន ចុះពិនិត្យ និងស្រាវជ្រាវករណីខាងលេីភ្លាមៗ។
ជាលទ្ធផល៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៦ វេលាម៉ោង០៩និង០០នាទី កម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកោះចិន បានចុះស្រាវជ្រាវរកម្ចាស់ គណនីFacebook ឈ្មោះ Kimly FC ដោយក្នុងនោះម្ចាស់គណនី Facebook ឈ្មោះ Kimly FC បានបំភ្លឺថា៖ ចំពោះខ្លឹមសារដែលខ្លួនយកមកបង្ហោះនៅលើបណ្តាញសង្គមពេលនេះ គឺរូបខ្លួនបានមកពីគណនី Facebook ឈ្មោះ Thary khim បន្ទាប់មកកម្លាំងយើងបានបន្តនាំខ្លួនឈ្មោះឃឹម ថារី ភេទស្រី អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ មានទីលំនៅភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ឃឹម ថារី បានឆ្លើយសារភាពថា៖ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១០និង៣០នាទី រូបខ្លួនបានជិះម៉ូតូចេញពី ផ្ទះ ឆ្ពោះទៅសាលាបឋមសិក្សាក្បាលកោះ ក្នុងគោល បំណងយកកូនចេញពីសាលារៀន។ លុះធ្វើដំណើរទៅ ដល់សាលាបានជួបជាមួយ អ្នកគ្រូនាយករងសាលា ឈ្មោះ ណាក់ ភេទស្រី អាយុប្រហែល ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរនាយករងសាលាបឋមសិក្សាក្បាលកោះ បាននិយាយប្រាប់រូបខ្លួនថា៖ សូមអាណាព្យាបាល មេត្តាប្រយត្ន័ប្រយែង កាលពីព្រឹកមិញ មានឡានខ្មៅ១គ្រឿងបាន ឈប់នៅក្បែរសាលារៀនយើង និងបានហៅក្មេង ថ្នាក់ទី០៦ ឱ្យយកលុយ ប៉ុន្តែក្មេងមិនព្រមយក ហើយក្មេងនោះបាននិយាយថា៖ ខ្ញុំអត់យកទេ ខ្ញុំមានលុយហើយ កុំរញ៉េរញ៉ៃជាមួយខ្ញុំ ប្រយត្ន័ខ្ញុំប្តឹងប៉ូលីស ហើយក្មេងនោះក៏រត់ចូលសាលាបាត់ទៅ ក្រោយមករូបខ្លួនបានយកគណនី Facebook របស់ខ្លួនឈ្មោះ Thary Khim សរសេរខ្លឹមសារបង្ហោះនៅក្នុងបណ្តាញសង្គម Facebook ដែលមានខ្លឹមសារដូចខាងលើតែម្តង។
បន្ទាប់មកកម្លាំងយើងបានធ្វើការអញ្ជើញអ្នកគ្រូឈ្មោះ អ៉ិន វណ្ណៈ នាយិការង នៃសាលាបឋមសិក្សាក្បាលកោះ មកធ្វើការសាកសួរពីព័ត៌មានខាងលើ និងបានថ្លែង អំណរគុណចំពោះអ្នកគ្រូដែលបានចូលរួមសហការផ្តល់ព័ត៌មានជូនដល់កម្លាំងសមត្ថកិច្ចយើង ហើយបានបញ្ជាក់ថា នេះគ្រាន់តែជាការនិយាយពីកូនសិស្សដែលប្រាប់គាត់ប៉ុណ្ណោះ។
អាស្រ័យហេតុនេះ សូមសាធារណជនជ្រាប និងកុំមានការភាន់ច្រឡំ៕

You might also like