ខ្យល់បក់ខ្លាំងបណ្តាលឲ្យទង់ជាតិកម្ពុជានៅច្រកទ្វារអន្តរជាតិចាំយាម ខេត្តកោះកុង រហែក តែទង់ជាតិថៃ បានប៉ើងទាំងទង់ជាតិ និងដាច់ខ្សែ, ទង់ជាតិកម្ពុជាត្រូវបានបង្ហូតដាក់ថ្មីរួចរាល់ហើយ សូមបងប្អូនកុំមានការភ័ន្តច្រឡំ និងចែកចាយរូបភាពចាស់

(កោះកុង)៖ ករណីទង់ជាតិកម្ពុជា ស្ថិតនៅបង្គោលព្រំដែនលេខ៧៣ នៃច្រកទ្វារអន្តរជាតិចាំយាម ស្ថិតក្នុងស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ដែលត្រូវខ្យល់បក់បោកខ្លាំងប៉ើងរហែកនោះ ត្រូវបានមន្ដ្រីបង្ហូតផ្លាស់ប្ដូរថ្មីរួចរាល់ហើយ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦។

មន្ដ្រីច្រកទ្វារអន្តរជាតិចាំយាម និងអាជ្ញាធរខេត្តកោះកុង បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ថា នៅចំណុចបង្គោលព្រំដែនលេខ៧៣ ទាំងទង់ជាតិកម្ពុជា និងទង់ជាតិថៃ ត្រូវរងដោយសារខ្យល់កន្ដ្រាក់ខ្លាំងកាលពីម្សិលមិញ បណ្ដាលឲ្យទង់ជាតិថៃដាច់ខ្សែ និងប៉ើងទង់ជាតិទៀតផង ប៉ុន្ដែសម្រាប់ទង់ជាតិកម្ពុជា មិនបានដាច់ខ្សែបំពាក់នោះទេ តែទង់ជាតិបានដាច់រហែក។

គ្រាន់តែរហែកទង់ជាតិ និងមិនដាច់ខ្សែដូចទង់ជាតិថៃនោះ ដោយសារកាលពីប្រមាណ ១០ថ្ងៃមុន មន្រ្តីច្រកទ្វារអន្តរជាតិចាំយាម ទើបតែបានផ្លាស់ប្តូរទាំងខ្សែ និងទង់ជាតិ។

ក្រោយជួបហេតុការណ៍បែបនេះ ដោយសារស្ថានភាពព្រំដែនផុយស្រួយ នៅពេលទង់ជាតិប្រទេសទាំង ២រហែក និងប៉ើងដាច់បែបនេះ ភាគីថៃមកប្ដូរមុននៅល្ងាចម្សិលមិញ ខណៈមន្រ្តីកម្ពុជា បានរង់ចាំដល់ម៉ោងប្រមាណ ៧ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បានទៅបង្ហូតផ្លាស់ប្ដូរថ្មីទាំងខ្សែ និងទង់ជាតិតែម្ដង (ដូចរូបភាពបង្ហាញស្រាប់)។

នៅចន្លោះពេលដែលទង់ជាតិថៃ ត្រូវបានបំពាក់ថ្មី ហើយទង់ជាតិកម្ពុជា មិនទាន់បានបំពាក់ ស្រាប់តែមានអ្នកថតរូប និងវីដេអូ យកទៅចែកចាយតាមបណ្តាញសង្គម នាំឲ្យបងប្អូនប្រជាពលរដ្ឋ និងមជ្ឈដ្ឋានមួយចំនួន មានការយល់ខុសដោយមិនបានដឹងដំណើររឿងពិតបែបនេះ។

ជាមួយនឹងការបង្ហោះ និងចែកចាយរូបភាពទង់ជាតិកម្ពុជា មានការដាច់រហែកបែបនេះ ទាំងមន្រ្តីច្រកទ្វារ និងអាជ្ញាធរ សូមអំពាវនាវឲ្យសាធារណជន កុំមានការយល់ច្រឡំ និងកុំចែកចាយរូបភាពចាស់ឡើងវិញ៕

You might also like