គណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បន្តចុះត្រួតពិនិត្យរដ្ឋបាលតាមទីតាំងនានា ក្នុងប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
(ភ្នំពេញ)៖ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ, រដ្ឋបាលខណ្ឌព្រែកព្នៅ ដឹកនាំដោយលោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានបន្តចុះត្រួតពិនិត្យរដ្ឋបាលតាមទីតាំង ផ្ទះជួល បន្ទប់ជួល ផ្ទះសំណាក់ ផ្ទះល្វែង បុរី ឃ្លាំង ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ដ្រខណ្ឌព្រែកព្នៅ ។
ជាក់ស្តែង នៅទី០៨ ខែមិថុនា ឆ្នាំ២០២៦ លោក ធឹម សំអាត អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំគណៈបញ្ជាការឯកភាពខណ្ឌ ចុះរដ្ឋបាល ពិនិត្យ ទប់ស្កាត់បទល្មើស ក្នុងសង្កាត់ទាំង៥ ដើម្បីបង្ការ ទប់ស្កាត់ កុំឱ្យមានអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ។
ក្រោយពីបានធ្វើការពិនិត្យយ៉ាងល្អិតល្អន់ និងហ្មត់ចត់ពីកម្លាំងសមត្ថកិច្ចជំនាញ រួមជាមួយអាជ្ញាធរមូលដ្ឋានរួចមក ជាលទ្ធផលគឺ ពុំមានការរកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឬសកម្មភាពខុសច្បាប់ណាមួយឡើយ នៅក្នុងទីតាំងខាងលើនេះ៕






