កម្ពុជា ពង្រឹងសមត្ថភាពការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI សម្រាប់មន្ត្រីរាជការ
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បន្តជំរុញការអភិវឌ្ឍធនធានមនុស្សឌីជីថល តាមរយៈការបណ្តុះបណ្តាល និងលើកកម្ពស់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ក្នុងការបង្កើនប្រសិទ្ធភាពការងារ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋដោយប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ។
ក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា និងលិខិតថ្លែងអំណរគុណជូនមន្ត្រីរាជការដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញឌីជីថល និង AI ព្រមទាំងការផ្តល់កិត្តិយសដល់មន្ត្រីរៀមច្បងឆ្នាំ១៩៧៩ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកឡើងថា បច្ចេកវិទ្យាកំពុងមានការរីកចម្រើនយ៉ាងលឿនរហ័សនឹងបានឈានចូលដល់យុគសម័យ បញ្ញាសិប្បនិម្មិត (AI) និងជាពិសេសបច្ចេកវិទ្យា Generative AI ព្រមទាំងម៉ូដែលភាសាទូលាយ (Large Language Models) មិនមែនជាប្រធានបទវិទ្យាសាស្ត្រដែលនៅឆ្ងាយពីយើង ឬជារឿងនឹកស្រមៃសម្រាប់ថ្ងៃអនាគតទៀតឡើយ, ផ្ទុយមកវិញ បច្ចេកវិទ្យានេះ បានចូលមកដល់និងកំពុងផ្លាស់ប្តូរទម្រង់ការងារយ៉ាងឆាប់រហ័សជាទីបំផុត ទាំងរបៀបនៃការគិត វិធីសាស្ត្រវិភាគទិន្នន័យ និងការធ្វើសេចក្តីសម្រេចចិត្តជាដើម។ ដូច្នេះថ្នាក់ដឹកនាំនិងមន្រ្តីរាជការ ត្រូវចាប់យកនិងរៀនប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋដោយប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ។
ឯកឧត្តមបានបញ្ជាក់ថា ការប្រើប្រាស់ AI លែងជាជម្រើស ប៉ុន្តែជាភាពចាំបាច់។ ទោះជាយ៉ាងណា ការប្រើប្រាស់បច្ចេកវិទ្យានេះត្រូវតែប្រកបដោយការទទួលខុសត្រូវ ដោយផ្តោតលើគោលការណ៍សំខាន់ចំនួនបី គឺការការពារការសម្ងាត់ទិន្នន័យ ការផ្ទៀងផ្ទាត់ព័ត៌មានមុនប្រើប្រាស់ និងការទទួលខុសត្រូវរបស់មនុស្សលើលទ្ធផលការងារ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់មន្ត្រីគ្រប់វ័យឱ្យបន្តសិក្សា និងអភិវឌ្ឍសមត្ថភាពឌីជីថល ដោយបញ្ជាក់ថា អាយុមិនមែនជាឧបសគ្គនៃការរៀនបច្ចេកវិទ្យាថ្មីៗនោះទេ ប៉ុន្តែឆន្ទៈ និងការបើកចិត្តទទួលយកចំណេះដឹងថ្មី ទើបជាកត្តាសំខាន់។
ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានសម្តែងការកោតសរសើរចំពោះមន្ត្រីរៀមច្បង ដែលបានរួមចំណែកកសាង និងអភិវឌ្ឍស្ថាប័នអស់រយៈពេលជាច្រើនទសវត្សរ៍ ដោយចាត់ទុកការផ្សារភ្ជាប់រវាងបទពិសោធរបស់រៀមច្បង និងភាពច្នៃប្រឌិតរបស់យុវជន ជាកម្លាំងសំខាន់សម្រាប់ការអភិវឌ្ឍស្ថាប័នប្រកបដោយនិរន្តរភាព។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថាថា ក.ប.ទ. ក្នុងនាមជាក្រសួងមានសមត្ថកិច្ចដឹកនាំបច្ចេកវិទ្យាឌីជីថល ត្រូវនាំមុខ និងធ្វើជាគម្រូដល់ក្រសួង ស្ថាប័នផ្សេងទៀត ក្នុងការចាប់យកបច្ចេកវិទ្យា AI ពោលគឺការទាញយកផលប្រយោជន៍ជាអតិបរមាពីបច្ចេកវិទ្យានេះ ព្រមទាំងការយល់ដឹងពីហានិភ័យផងដែរ។ ក្នុងន័យ ការរៀបចំវគ្គបណ្ដុះបណ្ដាល AI សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រី ក.ប.ទ. គឺមានសារៈសំខាន់បំផុត។
ជាទិសដៅបន្ត ក្រសួងនឹងពង្រីកការបណ្តុះបណ្តាល AI ទៅកាន់មន្ត្រីរាជការគ្រប់ក្រសួង-ស្ថាប័ន និងអ្នកសារព័ត៌មាន ព្រមទាំងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវយុទ្ធសាស្ត្រជំរុញការអភិវឌ្ឍបញ្ញាសិប្បនិម្មិត ដើម្បីរួមចំណែកកសាងមូលធនមនុស្សឌីជីថល និងលើកកម្ពស់ប្រសិទ្ធភាពសេវាសាធារណៈនៅកម្ពុជា៕






