កម្លាំង​គណៈបញ្ជាការឯកភាពរដ្ឋបាល​ស្រុក​ចន្ទ្រា​ ​បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនសង្ស័យចំនួន ១៣នាក់

(ស្វាយរៀង)៖ កម្លាំង​គណៈបញ្ជាការឯកភាពរដ្ឋបាល​ស្រុក​ចន្ទ្រា​ ខេត្តស្វាយរៀង បាន​ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ នៅចំណុច​ផ្ទះ​ជួល​ ឃាត់ខ្លួនជនសង្ស័យចំនួន ១៣នាក់ និងវត្ថុតាងមួយចំនួន។
សមត្ថកិច្ចនគរបាលស្រុកចន្ទ្រា បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍​ទោ​ ពេជ្រ​ វីរៈ​ ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង​ ស្តីពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញស្គេមនៅទូទាំងខេត្តស្វាយរៀង កាលថ្ងៃទី៩ ខែ​មិថុនា​ ឆ្នាំ​២០២៦​ កម្លាំង​គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក​ចន្ទ្រា​ ដោដោយមានការសម្របសម្រួលពីលោក ខាំ​ សុផារី ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលាដំបូងខេត្ត ចុះ​ធ្វើ​រដ្ឋ​បាល​ ស្រាវជ្រាវ​ និងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ នៅចំណុច​ផ្ទះ​ជួល​ ស្ថិតក្នុងភូមិ​ចេក ឃុំ​សំរោង​ ស្រុក​ចន្ទ្រា ដោយ​ឃាត់​ខ្លួន​មនុស្ស​ក្នុង​រង្វង់​ប្រតិបត្តិការ​ចំនួន ១៣នាក់ (ស្រី០៣នាក់) ជាជនជាតិ​វៀតណាម​។
ដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើសរួមមាន៖ កំព្យូទ័រលើតុ All-In-One, ​កុំព្យូទ័រ​យួរដៃ​, ម៉ូនី​ទ័រ​, ធុង​CPU, ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯ​ទីតាំង​ប្រព្រឹត្ត​បទ​ល្មើស ត្រូវ​បានក្រុមការ​ងារបិទ​សៀលជា​បណ្ដោះអាសន្ន​៕

You might also like