ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
(ភ្នំពេញ) ក្នុងយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទូទាំងប្រទេស សមត្ថកិច្ច បានចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹង ដោយបានកសាង និងបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសអនឡាញសរុបចំនួន ២៦៨ សំណុំរឿង ទៅកាន់តុលាការ ក្នុងរយៈពេលគិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ។
នេះបើយោងតាមរបាយការណ៍ស្តីពី«លទ្ធផលនៃការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទូទាំងប្រទេស រយៈពេល១ឆ្នាំ» ដែលរាយការណ៍ដោយ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប) ជូនដល់កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។
ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធបានបន្តថា ក្នុងចំណោមសំណុំរឿងទាំង ២៦៨ ករណី ដែលបានបញ្ជូនទៅដល់ដៃតុលាការ គឺមានពាក់ព័ន្ធទៅនឹងមុខសញ្ញាជនសង្ស័យសរុបចំនួន ២ ៧៧៣នាក់ ខណៈដែលអ្នកកំពុងជាប់ឃុំរង់ចាំការអនុវត្តនីតិវិធីតាមច្បាប់ មានចំនួន២ ២០០ នាក់ (ស្រ្តីចំនួន៣៥៣ នាក់) ក្នុងនោះមានជនជាតិខ្មែរចំនួន ៣១៣ នាក់។
យោងតាមសេចក្តីរាយការណ៍របស់ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធសមត្ថកិច្ច បានស្រាវជ្រាវ ស៊ើបអង្កេត រក ឃើញនិងបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ៦៦៥ ទីតាំង ក្នុងនោះទី តាំងប្រព្រឹត្តបទល្មើសចំនួន ៥៨២ ទីតាំង និង ទីតាំងដែលពួកឧក្រិដ្ឋជនជ្រកសម្រាប់រត់គេចចំនួន ៨៣ ទីតាំង, និងបានបិទសៀលទីតាំងចំនួន ៥៣៧ ទីតាំងមិនឱ្យមានសកម្មភាពទៀតឡើយ។
ក្នុងរយៈពេញមួយឆ្នាំនៃ ប្រតិបត្តិការបោសសម្អាតនេះ សមត្ថកិច្ចបានស្រាវជ្រាវ និងស៊ើបអង្កេតតាមបណ្តាទីតាំងកាស៊ីណូ ដែលមានអាជ្ញាបណ្ណសរុបចំនួន ១៩៥ និងបានឈានទៅដកហូតអាជ្ញាបណ្ណចំនួន ១៩ កាស៊ីណូ និង បានព្យួរអាជ្ញាបណ្ណចំនួន ៣០ កាស៊ីណូ ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈកាស៊ី ណូចំនួន ២៣ បានផុតសុពលភាពមិនមានដំណើរការអាជីវកម្មទេ។ ជាមួយគ្នានេះ សមត្ថកិច្ចកម្ពុជាបានអនុ វត្តនីតិវិធីបណ្ដេញជនបរទេសចេញពីកម្ពុជាចំនួន ២១ ១០២ នាក់ មាន ៣៨ សញ្ជតិ ភាគច្រើនជនជាតិ ចិន វៀតណាម ឥណ្ឌូនេស៊ី ថៃ និងបង់ក្លាដេស។
ក្នុងក្របខណ្ឌនៃការប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា(online scam) កម្ពុជាក៏បានសហការជាមួយប្រទេសជាមិត្ត រួមមាន សាធារណរដ្ឋប្រជាមានិតចិ សហរដ្ឋអាមេរិក សាធារណរដ្ឋកូរ៉េ ជប៉ុន អូស្រ្តាលី បណ្តាប្រទេសអាស៊ាន និងប្រទេសផ្សេងមួយចំនួនទៀត ព្រមទាំងអង្គការអន្តរជាតិ មជ្ឈមមណ្ឌលកិច្ចសហប្រតិបត្តិការសន្តិសុខនិងសមាហរណកម្មអនុវត្តច្បាប់ មេគង្គ-ឡានឆាង(lMLECC) អង្គការនគរបាល ព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) និងការិយល័យ អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC)។
ជាមួយគ្នានេះ យើងបានបើកចំហឱ្យសារព័ត៌មានជាតិ និងអន្តរជាតិចុះមកយកព័ត៌មានទៅដល់ទីតាំងបង្ក្រាបការឆបោកOnline Scamដោយផ្ទាល់ដែលបង្ហាញដើម្បីបង្ហាញ ការ ពិតដល់ពិភពលោកផងដែរ ដែលនេះជាលទ្ធផលប្រកបដោយផ្លែផ្កាគឺកើតចេញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់។
ដើម្បីទប់ស្កាត់មិនឱ្យបទល្មើសឆបោកតាមបច្ចេកវិទ្យានេះកើតឡើងវិញ កម្ពុជាបានអនុម័តនិងប្រកាសដាក់ឱ្យប្រើប្រាស់ “ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ចាប់ពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ មក។ យោងតាមច្បាប់ថ្មីនេះ ជនល្មើសប្រឈមជាប់ទោសដាក់ពន្ធនាគារខ្ពស់បំផុតរហូតដល់មួយជីវិត និងអាចពិន័យជាប្រាក់រហូតដល់ ១ ០០០ លានរៀល ព្រមទាំងត្រូវរឹបអូសទ្រព្យសម្បត្តិផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា យុទ្ធនាការបង្ក្រាបបណ្ដាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា សម្រេចបានជោគជ័យមួយជំហានធំគួរឱ្យកត់សម្គាល់។
បើទោះបីជាយ៉ាងណា សម្តេចមហាបវរធិបតី បានក្រើនរម្លឹកដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធឱ្យបន្តប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមិនដកដៃជាដាច់ខាត។
សម្ដេចមហាបវរធិបតី បានចាត់ទុកការជីករំលើងឫសគល់បណ្ដាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ គឺជាការបោសសម្អាតផ្ទះរបស់ឱ្យស្អាត ដែលជាផ្នែកមួយដ៏សំខាន់នៃការពង្រឹងខ្លួនរបស់កម្ពុជា ដើម្បីឈានទៅពង្រឹងវិស័យផ្សេងៗទៀត ពិសេសការពង្រឹងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ៕






