ឯកឧត្តម នេត្រ ភក្រ្តា ៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ
(ភ្នំពេញ) ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះសារនៅក្នុងបណ្តាញសង្គមផ្លូវការ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នេះថា៖ “ថ្ងៃចងចាំចំពោះការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា នេះគឺជាគ្រាប់បែកដែលយោធាថៃបានទម្លាក់ពីយន្តហោះចូលក្នុងទឹកដីកម្ពុជា ប៉ុន្តែមិនបានផ្ទុះ។ វាមិនមែនគ្រាន់តែជាសំណល់សង្គ្រាមដ៏គ្រោះថ្នាក់មួយប៉ុណ្ណោះទេ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ភាគីយោធាថៃ”។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមផងដែរថា កន្លងមក អ្នកនាំពាក្យកងទ័ពថៃតែងតែបដិសេធការប្រើប្រាស់គ្រាប់បែកប្រភេទ MK-84 និងអះអាងថា គ្រាប់បែកដែលយន្តហោះយោធាថៃបានទម្លាក់នោះ សុទ្ធតែផ្ទុះអស់ទាំងអស់។ ប៉ុន្តែសំណួរគឺ៖ បើគ្រាប់បែកទាំងអស់ពិតជាផ្ទុះអស់មែន ហេតុអ្វីបានជាគ្រាប់បែកមិនទាន់ផ្ទុះនេះនៅតែស្ថិតក្នុងទឹកដីកម្ពុជា?
សំណល់គ្រាប់បែកនៅចំពោះមុខនេះ គឺជាសក្ខីភាពដែលមិនអាចលុបបំបាត់ មិនអាចបំភ្លៃ និងមិនអាចបដិសេធបាន។ វាបញ្ជាក់ថា អ្វីដែលត្រូវបានអះអាងមិនស្របនឹងការពិតជាក់ស្តែងនៅលើដី។ ដូចពាក្យទំនៀមបុរាណខ្មែរពោលថា៖ «ភូតច្រើន ចាញ់អាត្មា»។
ទន្ទឹមនឹងនេះ ការបដិសេធម្តងហើយម្តងទៀត មិនអាចធ្វើឱ្យភស្តុតាងបាត់បង់ឡើយ ហើយក៏មិនអាចប្រែក្លាយអំពើខុសឱ្យក្លាយជាអំពើត្រឹមត្រូវបានដែរ។
ការពិតនៅតែជាការពិត។ នេះគឺជាសំណល់គ្រាប់បែករបស់យោធាថៃ ដែលបានប្រើប្រាស់ក្នុងអំឡុងសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។
លើសពីនេះ គ្រាប់មិនទាន់ផ្ទុះបែបនេះនៅតែបន្តគំរាមកំហែងដល់អាយុជីវិត សុវត្ថិភាព និងការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា សូម្បីតែបន្ទាប់ពីសំឡេងកាំភ្លើងបានស្ងប់ស្ងាត់ក៏ដោយ។
ភស្តុតាងមិនចេះនិយាយកុហកទេ។ អ្នកដែលបានប្រើអាវុធអាចបដិសេធ ប៉ុន្តែសំណល់គ្រាប់បែកនៅលើទឹកដីកម្ពុជា នឹងបន្តធ្វើជាសាក្សីប្រវត្តិសាស្ត្រ បង្ហាញថាអ្វីបានកើតឡើង អ្នកណាជាអ្នកប្រព្រឹត្ត និងផលវិបាកដ៏គ្រោះថ្នាក់ដែលប្រជាជនកម្ពុជាត្រូវបន្តប្រឈមមុខ៕






