កម្ពុជា អំពាវនាវឱ្យថៃ ឈប់បង្កើតលេសពន្យារពេលនៃដំណើរការវាស់វែងខ័ណ្ឌសីមាព្រំដែនតទៅទៀត
ភ្នំពេញ៖ កម្ពុជាបានអំពាវនាវឱ្យថៃឈប់បង្កើតលេសសម្រាប់ការពន្យារពេលនៃដំណើរការវាស់វែងខ័ណ្ឌសីមាព្រំដែនតទៅទៀត ហើយត្រូវដោះស្រាយបញ្ហាព្រំដែនដោយសុច្ឆន្ទៈ ទៅតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ គឺអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងនិងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃអះអាងផ្ទុយពីការពិតទាំងស្រុងថា កម្ពុជា បាន “បិទទ្វារ” ចរចាព្រំដែនគោក ដោយសារកម្ពុជា បានប្រកាសដំណើរការយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦នេះថា កម្ពុជា សូមបញ្ជាក់ថា គឺប្រទេសថៃទេដែលបានដកខ្លួនជាឯកតោភាគីចេញពីយន្តការទ្វេភាគីតែមួយគត់ដែលបានព្រមព្រៀងគ្នាដើម្បីដោះស្រាយវិវាទក្នុងដែនសមុទ្របើទោះបីជាកម្ពុជាបានស្នើសុំឱ្យរក្សាទុកកិច្ចព្រមព្រៀងនេះយ៉ាងណាក៏ដោយ។ ម្យ៉ាងទៀត ថ្នាក់ដឹកនាំថៃខ្លួនឯងក៏ធ្លាប់បានបញ្ជាក់ម្តងហើយម្តងទៀតថាខ្លួនក៏យល់ព្រមប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោមក្របខណ្ឌ UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រដែរ ប៉ុន្តែ ពេលនេះថៃបែរជាងាកមកតវ៉ាមិនចង់ឱ្យកម្ពុជាប្រើយន្តការនេះទៅវិញ។
ចំណែកឯការកំណត់ខ័ណ្ឌសីមាព្រំដែនគោកតាមរយៈគណៈកម្មការ JBC ត្រូវបានប្រទេសទាំងពីរព្រមព្រៀងគ្នារួចហើយតាមអនុស្សរណៈនៃការយោគយល់គ្នាចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និងបានបញ្ជាក់ជាថ្មីឡើងវិញនៅក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕






